លោក សរ កក្កដា បានណែនាំឱ្យបញ្ឈប់សកម្មភាពទាំងឡាយដែលបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្រុងព្រះសីហនុ។ ការព្រមានរបស់អភិបាលក្រុងព្រះសីហនុរូបនេះ បានធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Huy BunLeng News បានបង្ហោះសកម្មភាពស្រ្តីមួយចំនួនធ្វើដំណើរពីខេត្តផ្សេងមកប្រកបមុខរបរជិះកង់ដើរសុំប្រាក់ពីពលរដ្ឋ និងអ្នកទេសចរនៅក្នុងខេត្តព្រះសីហនុ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សរ កក្កដា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «ក្នុងករណីអត់ការងារធ្វើ សូមទំនាក់ទំនងមករដ្ឋបាលក្រុងព្រះសីហនុ ដើម្បីជួយរកការងារជូន។ សូមបញ្ឈប់សកម្មភាពទាំងឡាយដែលបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយទីក្រុង!»។ គួររំលឹកថា កន្លងទៅ អាជ្ញាធរសង្កាត់មួយចំនួនក្នុងក្រុងព្រះសីហនុ ធ្លាប់បានហៅមកបុគ្គលដើរសុំលុយពលរដ្ឋ និងភ្ញៀវទេសចរមកសាកសួរនិងធ្វើកិច្ចសន្យាអប់រំឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួនដែរ។ ប៉ុន្តែទោះបីជាមានចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងក៏ដោយ ក៏គេសង្កេតឃើញវត្តមានស្ត្រីអ្នកជិះកង់ដើរសុំប្រាក់នៅតែមានជាបន្តបន្ទាប់ដដែល។ ជាការកត់សម្គាល់៖ ស្ត្រីអ្នកជិះកង់ដើរសុំប្រាក់នេះ មិនមែនជាជនចាស់ជរា ឬជនពិការអ្វីទេ តែជាមនុស្សដែលមានកាយសម្បទាល្អធម្មតា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



