ខេត្តកំពតនាពេលបច្ចុប្បន្នអាជ្ញាធរបាននឹងកំពុងមមាញឹកក្នុងការពន្លឿនគម្រោងស្ថាបនាផ្លូវ និងកែលម្អសោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីឱ្យខេត្តកាន់តែស្អាត និងទាក់ទាញភ្ញៀវ ពិសេសជួយលើកកម្ពស់ជីវភាពពលរដ្ឋ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលសមិទ្ធផលថ្មីៗជាច្រើនបានលេចចេញរូបរាងជាបន្តបន្ទាប់។
លោក អែត សារិទ្ទ អភិបាលរងក្រុងកំពតបានឱ្យដឹងថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ក៏ដូចជាលើកកម្ពស់កម្រិតជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ រដ្ឋបាលបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងបាននឹងកំពុងមមាញឹកក្នុងការខិតខំពន្លឿនការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងក្រុង មានផ្លូវសួនច្បារ និងផ្សារវិថីម្ហូបអាហារជាដើម ទាំងនៅត្រើយខាងកើត និងខាងលិចព្រែកកំពង់បាយ។
លោកអភិបាលរងក្រុងបានបន្ថែមថា កន្លងមកគេឃើញការអភិវឌ្ឍន៍ជាច្រើននៅតែក្រោយខាងកើត ប៉ុន្តែពេលនេះឯកឧត្តមអភិបាលខេត្ត បានចាប់ផ្តើមមករៀបចំកែលម្អសោភ័ណភាពដោយការស្ថាបនា និងពង្រីងផ្លូវបេតុងមាត់ព្រែកត្រើយខាងលិច ពីចំណុចស្ពានត្រើយកោះមកស្ពានឥន្ទធនូ ហើយការស្ថាបនានេះជិតរួចរាល់១០០%ហើយ។ ផ្លូវនេះពិតជាមានសារៈសំខាន់ក្នុងជួយលើកសោភ័ណ្ឌភាពក្រុងមួយកម្រិតទៀត ពិសេសទាក់ទាញភ្ញៀវទេសចរឱ្យមកអង្គុយលេងកម្សាន្តនៅត្រើយខាងលិច ដើម្បីគយគន់សមិទ្ធផល និងសម្រស់ក្រុងកំពត។
បើតាមការបញ្ជាក់របស់លោកអភិបាលរងក្រុងថា គម្រោងខាងលើនឹងត្រូវបញ្ចប់ជាស្ថាពរនៅមុនថ្ងៃបុណ្យឆ្លងឆ្នាំសកលដែលនឹងចូលមកដល់នាពេលខាងមុខ។ លោករំពឹងថាបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកលេងកាន់តែច្រើន ហើយអាចមកកម្សាន្តនឹងរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៥-២០២៦ទាំងគ្នានៅខេត្តកំពតទាំងក្រើយខាងកើតព្រែក និងត្រើយខាងលិចព្រែកផងដែរ៕
ដោយ៖ ប៉ៃ សុឃីម





