Skip to main content
Preah Sihanouk Provincial Television
Log in

ករណីបុរសជនជាតិចិនម្នាក់ជាន់មីន!កម្ពុជាបន្តជំរុញឱ្យមានការស៊ើបអង្កេតរួមគ្នា

KPS99TVHistorical original · translation unavailable

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ បានបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈពាក់ព័ន្ធករណីបុរសជាជនជាតិចិនម្នាក់ដើរជាន់មីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់ដូច្នេះ បន្ទាប់ពីកងទ័ពថៃបានយកករណីបុរសជនជាតិចិនដើរជាន់មីនខាងលើ មកចង្អុលដាក់កម្ពុជាថា បន្តប្រើប្រាស់មីនតាមបណ្តោយព្រំដែនដែលបង្កគ្រោះថ្នាក់ដល់យោធា និងជនស៊ីវិល។

ជុំវិញចោទប្រកាន់មកលើកម្ពុជាដូច្នេះ  អាជ្ញាធរមីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ កម្ពុជាមិនប្រើប្រាស់មីនជាដាច់ខាត មិនថានៅពេលណា ឬក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិននឹងប្រើប្រាស់មីនឡើយ។ ដូច្នេះ ប្រសិនបើមានមីនថ្មី ដូចដែលថៃបានអះអាងមែន យើងគួរសួរវិញថា៖ ដោយកម្ពុជាមិនមានប្រើប្រាស់មីន តើនរណាជាអ្នកដាក់មីន? កម្ពុជាមិនអាចឆ្លើយសំណួរនេះជំនួសប្រទេសថៃបានឡើយ។

មិនតែប៉ុណ្ណោះ អាជ្ញាធរមីន បានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការលើកឡើងណាមួយដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន។ អាជ្ញាធរមីន បន្ថែមទៀតថា ហើយមកទល់ពេលបច្ចុប្បន្ន ទាំងកម្ពុជា អាស៊ាន និងយន្តការអន្តរជាតិ មិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតជាផ្លូវការណាមួយនៅឡើយនោះទេ។ យ៉ាងណា ប្រសិនបើថៃមានភស្តុតាងដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ គួរផ្តល់ជាផ្លូវការមកកាន់កម្ពុជា និងប្រកបដោយវិជ្ជាជីវៈ។ ប៉ុន្តែបើមិនទាន់រកឃើញការពិតណាមួយនោះទេ គឺមិនត្រូវចោទប្រកាន់មកលើកម្ពុជាជាសាធារណៈដែលនាំឱ្យមានការបង្កើនភាពតានតឹង និងធ្វើឱ្យសហគមន៍អន្តរជាតិមានការភ័ន្តច្រឡំ។ លើសពីនេះ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតិបត្តិការ ការស៊ើបអង្កេតផ្អែកលើភស្តុតាំង និងការដោះស្រាយបញ្ហាតាមបណ្តោយព្រំដែនដោយសន្តិភាព និងផ្នែកលើច្បាប់អន្តរជាតិ។ កម្ពុជាសម្តែងការសោកស្តាយចំពោះជនរងគ្រោះដោយសារមីន មិនថា ជាតិសាសន៍ណានោះទេ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា មានបុរសជនជាតិចិនម្នាក់បានរងរបួសដោយសារឧប្បត្តិហេតុផ្ទុះមីននៅពេលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា នៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា ដែលជាតំបន់ចម្ការមីនបន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍កាលពីអតីតកាល៕ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…