Skip to main content
Preah Sihanouk Provincial Television
Log in

ថ្ងៃនេះជាខួប១០ឆ្នាំ“ល្បែងទាញព្រ័ត្រ”ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

KPS99TVHistorical original · translation unavailable

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ ជាខួបលើកទី១០ឆ្នាំនៃការដាក់បញ្ចូល “ល្បែងទាញព្រ័ត្រ” របស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ការចុះបញ្ជី“ល្បែងទាញព្រ័ត្រ” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង វិនឌុក ប្រទេសណាមីប៊ី។

“ល្បែងទាញព្រ័ត្រ” របស់កម្ពុជា ជាប្រភេទល្បែងលេងកម្សាន្ដសប្បាយទាំងបុរសទាំងស្ដ្រី។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយជាមូលហេតុ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមាន មនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិន ជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

របៀបនៃការលេងល្បែងទាញព្រ័ត្រនេះ មុនដំបូងគេជ្រើសរើសប្រុសម្ខាង ស្រីម្ខាង និងប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំនិងមានកម្លាំង ឱ្យឈរកាន់ចុងកន្ទុយព្រ័ត្រម្នាក់ម្ខាង ហើយឱ្យបុរសម្នាក់ ស្រីម្នាក់មានមាឌធំមានកម្លាំងឈរនៅកណ្ដាលព្រ័ត្រត្រង់កន្លែងដែលពួកគេទាំងពីរឈរ សម្រាប់នាំពួកខ្លួនឱ្យខំទាញរៀងខ្លួន ឯមនុស្សដែលមានមាឌតូចៗស្គមៗ កម្លាំងខ្សោយៗ គេឱ្យឈរកណ្ដាល។ លុះរៀបចំរួចហើយ គេឱ្យមនុស្សប្រុសម្នាក់កាន់សំភោរ ឬគងម៉ង់ ឬក៏រគាំង ឈរត្រង់កណ្ដាលទី ជិតអ្នកទាំងពីរ ដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ ឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជម្នះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រកំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ ឬគងម៉ង់ ឬរគាំង គេចេះតែបញ្ជើតសំភោរ ឬគងម៉ង់ ឬក៏រគាំងលឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗទើបឈប់បញ្ឆើត។

សូមជម្រាបថា ល្បែងទាញព្រ័ត្រត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីការសាមគ្គីភាព រួបរួមគ្នា ដើម្បីយកឈ្នះលើដៃគូបដិបក្ខ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…