នៅដើមខែធ្នូ ដែលជាខែចុងក្រោយនៃឆ្នាំ២០២៥ ហើយក៏ដល់រដូវធ្លាក់ខ្យល់ដែលនឹងធ្វើឱ្យអាកាសធាតុក្ដៅហើយស្ងួត ដែលងាយនឹងបង្កជាគ្រោះអគ្គិភ័យឆាបឆេះលំនៅឋាន និងនៅតាមព្រៃស្មៅជាដើម។ ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គិភ័យឱ្យបានទាន់ពេលវេលា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីជំនាញបន្តការចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមលំនៅឋាន រោងចក្រ សហគ្រាស ឃ្លាំង សាលារៀន និងយានដ្ឋានជួសជុលរថយន្តអំពីវិធានការសង្គ្រោះបឋមនៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើងដោយយថាហេតុ។ លើសពីនេះ លោកក៏បានជំរុញឱ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមកម្លាំង និងសម្ភារៈពាក់ព័ន្ធដើម្បីចេញអន្តរាគមន៍ឱ្យទាន់ពេលវេលាដែរ។
លោក ព្រហ្ម យ៉ន ធ្វើការណែនាំដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែធ្នូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះជារដូវធ្លាក់ខ្យល់ ដែលអាចធ្វើឱ្យមានការឆាបឆេះលឿនរហ័ស ដូច្នេះមន្ត្រីជំនាញទាំងអស់ត្រូវពិនិត្យសម្ភារៈចាំបាច់ដែលត្រូវជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាការពិនិត្យរថយន្តពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ ក្នុងការចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា និងត្រូវបែងចែកកម្លាំងពិនិត្យភូមិសាស្ត្រឱ្យបានច្បាស់លាស់ ដើម្បីធានាបានក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះមិនឱ្យមានការឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋផ្សេងៗទៀត។ លោកជំរុញឱ្យគ្រប់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវធ្វើការហ្វឹកហាត់អំពីជំនាញពន្លត់អគ្គិភ័យបន្ថែម ដើម្បីធានាបានក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ៕ ដោយ៖ ង៉ែត ពិសាន្ត




