Skip to main content
Preah Sihanouk Provincial Television
Log in

រោងចក្របញ្ចេញឧស្ម័នអាម៉ូញាក់ដែលប៉ះពាល់សុខភាពសាធារណៈបានរងវិធានការច្បាប់

KPS99TVHistorical original · translation unavailable

ក្រសួងបរិស្ថានចាត់វិធានការច្បាប់លើរោងចក្រផលិតទឹកកក ឆេង សុភារី ដែលបញ្ចេញឧស្ម័នអាម៉ូញាក់ដែលបង្ករការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ រោងចក្រដែលបញ្ចេញក្លិនអាក្រក់គឺឧស្ម័នអាម៉ូញាក់នេះ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្រ្តីជំនាញរកឃើញថា រោងចក្របានបញ្ចេញក្លិនអាក្រក់ (ឧស្ម័នអាម៉ូញាក់) បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ គឺល្មើសនឹងមាត្រា១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ បន្ទាប់ពីលោក ចាប យុធី អនុប្រធាននាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំមន្រ្តីរបស់ខ្លួនចូលរួមជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មន្ទីរបរិស្ថានរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមការងារបានវាស់កំហាប់ឧស្ម័នអាម៉ូញាក់នៅក្នុងទីតាំងរោងចក្រ ឃើញកម្រិតកំហាប់អាម៉ូញាក់ (NH3) ចំនួន 1.0 mg/m3 (ស្តង់ដារចំនួន 0.2 mg/m3) គឺល្មើសនឹងមាត្រា ១៥៦នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ជាមួយគ្នា ក្រសួងបរិស្ថាន បានតម្រូវឱ្យរោងចក្រធ្វើការតាមដានលើប្រព័ន្ធស្តុក និងបំពង់បង្ហូរឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកកជាប្រចាំ ដើម្បីចៀសវាងបង្កបញ្ហាលេចធ្លាយសារធាតុអាម៉ូញាក់ជាលើកទី២ទៀត។ លើសពីនេះ រោងចក្រត្រូវស្នើសុំលិខិតបញ្ជាក់គុណភាពខ្យល់នៅក្នុងអគាររបស់រោងចក្រ ឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…