ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ លើគោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ ការថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសកម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
តាមរយៈកិច្ចសហប្រតិបត្តិការ និងការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងសកម្មភាពមីន និងក្លាយជាដៃគូសំខាន់ក្នុងការគាំទ្រដល់ប្រទេសផ្សេងទៀត ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។
កិច្ចខិតខំប្រឹងប្រែង និងការចូលរួមគាំទ្រដែលកម្ពុជា ផ្តល់ទៅកាន់ប្រទេសរងគ្រោះដទៃ គឺដោយសារកម្ពុជាយល់ច្បាស់អំពីទុក្ខលំបាកដែលបង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយកម្ពុជាជឿជាក់ថា មានតែកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នាទេ ដែលអាចធ្វើឱ្យយើងសម្រេចបានគោលដៅមនុស្សធម៌របស់អនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនធ្វើការចោទប្រកាន់មកលើកម្ពុជាគ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន ។
បន្ថែមពីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។
ឯកឧត្តម ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជា ត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងធានាបានសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន៕
ដោយ៖ ចិន្តា ទីទិ




