Skip to main content
Preah Sihanouk Provincial Television
Log in

សុំលុយទិញថ្នាំជក់មិនបាន!បុរសធ្លាប់ជាប់មណ្ឌលកែប្រែម្តងហើយគំរាមសម្លាប់ឪពុកម្ដាយត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ!

KPS99TVHistorical original · translation unavailable

បុគ្គលម្នាក់ដែលពោរពេញដោយសារធាតុញៀនបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយបានគំរាមកំហែងថា នឹងសម្លាប់ឪពុកម្តាយខ្លួនឯង ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនភ្លាមៗដោយសាររូបគេសុំលុយទិញថ្នាំញៀនយកមកប្រើប្រាស់មិនបាន។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ (អតីតស្រុកឧដុង្គ) ខេត្តកំពង់ស្ពឺ ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។ 

បើតាមលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុក បានឱ្យដឹងថា បុគ្គលដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមានឈ្មោះ ឯម សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកចានបោកខ្ទេចខ្ទីដែលជាកូនបង្កើតជនរងគ្រោះឈ្មោះ គ្រី ថា ភេទស្រី អាយុ ៥០ឆ្នាំ មូលហេតុទាមទាររកប្រាក់ទិញថ្នាំ និងដោយសារតែរូបគាត់បានស្ដីថាឱ្យពីរឿងរកម្ហូបដើម្បីហូបបាយផង។

អធិការនគរបាលស្រុករូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមកកូនរបស់គាត់តែងតែគំរាមគំហែងថានឹងសម្លាប់ឪពុកម្ដាយរបស់ខ្លួនឯង បន្ទាប់ពីបានយកទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន១លើករួចមកប៉ុន្តែមិនកែខ្លួន។ ចំណែក តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា គេត្រូវការគ្រឿងញៀនមិនត្រូវការបាយម្ហូបអីទេ។ បច្ចុប្បន្នជនសង្ស័យត្រូវបានម្ដាយស្នើសុំសមត្ថកិច្ចចាត់ការតាមនីតិវិធី ព្រោះឪពុកម្តាយគិតថា ថៃ្ងណាមួយប្រាកដជានឹងអាចបង្កើតព្រឹត្ដិការណ៍ករណីមនុស្សឃាតជាក់ជាមិនខាន។ យ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានផ្ដាំដល់យុវជននៅទូទាំងប្រទេសសូមមេត្ដាកុំពាក់ព័ន្ធនិងគ្រឿងញៀនទោះបីកន្លះដងក្ដីក៏ដោយ៕ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…