ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ ឆ្នាំ២០២៥ បានប្រារព្ធឡើងយ៉ាងគួរឱ្យចាប់អារម្មណ៍នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយទាក់ទាញអ្នកចូលរួមជាង ១៦,០០០នាក់ កើនឡើង ២៥% ប្រៀបធៀបនឹងឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នេះបានបង្កើតអារម្មណ៍រស់រវើកដល់អ្នករត់ និងទេសចរសកល ដែលទទួលបានបទពិសោធន៍ពិសេសនៅមុខប្រាសាទបុរាណ និងធម្មជាតិដ៏អស្ចារ្យនៃអង្គរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម និងមានប្រសាសន៍ស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ធំបំផុតប្រចាំឆ្នាំនេះ។
គាត់បានឲ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំនេះមានអ្នកចូលរួម ១៦,០០០ នាក់ ដែលក្នុងចំណោមនោះមានអត្តពលិកជាតិ ១២,៦៣៨ នាក់ និងអត្តពលិកអន្តរជាតិ ៣,៣៦២ នាក់ មកពី ៨៦ ប្រទេស ដែលបង្ហាញពីការកើនឡើងនៃប្រជាប្រិយភាព និងទំនុកចិត្តលើសុវត្ថិភាព និងសេវាទេសចរណ៍របស់កម្ពុជា។
ក្នុងប្រសាសន៍របស់ឯកឧត្តម គាត់បានលើកឡើងថា៖ «បើទោះបីយើងមកពីប្រទេសផ្សេងគ្នា និយាយភាសាខុសគ្នាក៏ដោយ ថ្ងៃនេះ យើងនិយាយភាសាតែមួយគត់គឺ ភាសាកីឡា និងមិត្តភាព។ ការចូលរួមរបស់អ្នកទាំងអស់គ្នា មានន័យថាអ្នកកំពុងគាំទ្រការងារសប្បុរសធម៌ ជួយដល់ជនរងគ្រោះដោយសាគ្រាប់មីនផងដែរ»។
គាត់បន្ថែមថា ការមកជួបជុំគ្នារត់នៅមុខប្រាសាទអង្គរ គឺជាលទ្ធផលនៃសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យកីឡាករ និងទេសចរជាតិ–អន្តរជាតិ ប្រមូលផ្តុំគ្នានៅកន្លែងមានតម្លៃបេតិកភណ្ឌពិភពលោកនេះ។ «កីឡា នាំយើងមកជួបគ្នា តែសន្តិភាពជាកត្តាធំបំផុតដែលអនុញ្ញាតឱ្យព្រឹត្តិការណ៍នេះកើតមាន» ឯកឧត្តមបានបញ្ជាក់។
នៅទីបញ្ចប់ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរគណៈកម្មាធិការអូឡាំពិកជាតិ និងដៃគូទាំងឡាយ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះយ៉ាងប្រកបដោយវិជ្ជាជីវៈ និងទាក់ទាញអ្នកចូលរួមកាន់តែច្រើនពីឆ្នាំទៅឆ្នាំ។ ដោយ៖ KPS99TV




