Skip to main content
Preah Sihanouk Provincial Television
Log in

ជនភៀសសឹករាប់ម៉ឺននាក់សម្រុកចាកចេញពីផ្ទះសម្បែងនិងកុមាររាប់ពាន់នាក់បាត់បង់ការសិក្សាដើម្បីគេចពីគ្រាប់ផ្លោងយោធាសៀម

KPS99TVHistorical original · translation unavailable

យោធាសៀមបានបើកការបាញ់ប្រហារយ៉ាងកម្រោលមកលើកងទ័ពកម្ពុជាកាលពីរសៀលថ្ងៃទី០៧ ខែធ្នូ និងបានពង្រីកភូមិសាស្រ្តនៃការបាញ់ប្រហាររបស់ខ្លួនមកលើកងទ័ព និងទីតាំងជនស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះបន្ថែមទៀត។ ទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់យោធាសៀម បានធ្វើឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារាប់ម៉ឺននាក់បន្តសម្រុកចាកចេញពីផ្ទះសម្បែងទៅរកកន្លែងមានសុវត្ថិភាព ដោយសារភ័យខ្លាចការបាញ់ផ្លោងពីកងទ័ពឈ្លានពានសៀម។ ចំណែក កុមាររាប់ពាន់នាក់បានបាត់បង់ទីជម្រក និងការសិក្សា។ 

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ  ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី រួមទាំងព្រះសង្ឃ និងជនពិការ បាននាំគ្នាសម្រុកចាកចេញពីផ្ទះសម្បែងយ៉ាងគំហុគតាមរយៈកង់ ម៉ូតូ រថយន្ត រទេះ រម៉ក គោយន្ត និងតាមមធ្យោបាយផ្សេងៗទៀតឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាព។ 

សូមជម្រាបថា គិតត្រឹមព្រឹកមិញនេះ យោធាសៀម បានពង្រីកសមរភូមិប្រយុទ្ធមកលើកងកម្លាំងកម្ពុជា ស្ទើរតែពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង ៨០០គីឡូម៉ែត្រ ពោលគឺយោធាសៀមចាប់ផ្ដើមបាញ់ប្រហារចេញពីខេត្តព្រះវិហារពង្រីកមកដល់ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងយោធភូមិភាគទី៤ និងទី៥របស់កម្ពុជា ដែលបង្ខំឱ្យកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួនឆ្លើយតបទៅនឹងការឈ្លានពាននេះ។ រីឯ សាលារៀននៅតាមបណ្តោយព្រំដែនដែលប្រឈមនឹងហានិភ័យខ្ពស់ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…