យោធាថៃ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តសម្រុកវាយប្រហារខ្លាំងដោយប្រើអាវុធធុនធ្ងន់មកលើកងកម្លាំងកម្ពុជា។ ទង្វើឈ្លានពានដ៏គឃ្លើនឃោរឃៅព្រៃផ្សៃររបស់យោធាសៀម បានធ្វើឱ្យពលរដ្ឋក្មេងចាស់ប្រុសស្រីជាង១២ម៉ឺននាក់បាត់បង់ផ្ទះសម្បែងរត់ភៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ចំណែកសិស្សានុសិស្សជាង ១៦ម៉ឺននាក់ខកខានមិនបានសិក្សា។
តាមក្រសួងអប់រំបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ សាលារៀនសរុប ៦៣៥សាលានៅជាប់បន្ទាប់ព្រំដែននៃខេត្តចំនួន៤ត្រូវបានបិទទ្វា ខណៈសិស្សជាង ១៦ម៉ឺននាក់កំពុងបាត់បង់ការសិក្សា និងប៉ះពាល់គ្រូបង្រៀន ៥,៤៤១នាក់។ ចំណែក ក្រសួងការពារជាតិ បញ្ជាក់ថា មានជនភៀសសឹកកម្ពុជាក្នុងខេត្តចំនួន៥ បានកើនដល់ជាង១០ម៉ឺននាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ កុមារ ចាស់ជរា និងជនពិការ។
នៅព្រឹកថ្ងៃពុធនេះដែរ យោធាថៃបានប្រើយន្តហោះចម្បាំង F-16 មកទន្លាក់គ្រាប់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងពង្រីកការវាយសង្គ្រុប់ដោយប្រើកាំភ្លើង DK និងកាំភ្លើងធំបាញ់ផ្លោងមកលើកងកម្លាំងកម្ពុជានៅតាមខេត្តចំនួន៥ រួមមាន៖ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ខណៈកងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី។
ទោះបីជាមានការប្រើអាវុធធុនធ្ងន់ និងប្រើយន្តហោះចម្បាំង F-16 មកទម្លាក់គ្រាប់លើទឹកដី និងប្រជាជនស្លូតត្រង់កម្ពុជាស្លាប់ និងរងរបួសជាច្រើននាក់យ៉ាងណាក៏ដោយ ក៏គេមិនទាន់ឃើញសហគមន៍អន្តរជាតិណាមួយចេញមុខថ្កោលទោសទង្វើដ៏ឃោរឃៅព្រៃផ្សៃររបស់សៀមនោះដែរ។ ប៉ុន្តែ ក្នុងនោះមានឃើញសហរដ្ឋអាមេរិក បារាំង ចិន អូស្ត្រាលី ជប៉ុន វៀតណាម សហភាពអឺរ៉ុប និងមានអង្គការសហប្រជាជាតិផងដែរ ដែលបានថ្លែងសារបន្ទាន់កាលពីម្សិលមិញដោយសម្តែងក្តីបារម្ភចំពោះសភាពការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជានិងថៃនាបច្ចុប្បន្ន៕
ដោយ៖ ង៉ែត ពិសាន្ត







