Skip to main content
Preah Sihanouk Provincial Television
Log in

UNESCO អំពាវនាវឱ្យការពារបេតិកភណ្ឌព្រះវិហារជាបន្ទាន់ ក្នុងស្ថានការណ៍តានតឹងកម្ពុជា–ថៃ

KPS99TVHistorical original · translation unavailable

ភ្នំពេញ៖ អង្គការ UNESCO បានអំពាវនាវឱ្យមានវិធានការការពារបេតិកភណ្ឌវប្បធម៌ជាបន្ទាន់ និងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ដែលជាបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

UNESCO បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ថ្មីៗ និងបានរំលឹកឱ្យភាគីទាំងអស់គោរពការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

អង្គការ UNESCOបានបញ្ជាក់ថា នឹងបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ ដោយធ្វើការទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធអំពីអភិបាលភាពភូមិសាស្ត្រនៃតំបន់បេតិកភណ្ឌ និងសារៈសំខាន់របស់ទ្រព្យសម្បត្តិបេតិកភណ្ឌ ដើម្បីជៀសវាងការខូចខាតបន្ថែមអាចកើតមាន។ UNESCO ក៏បានបញ្ជាក់ថា ត្រៀមខ្លួនផ្តល់ជំនួយបច្ចេកទេសចាំបាច់សម្រាប់ការការពារនៅពេលមានលក្ខខណ្ឌសមស្របផងដែរ។

តាមការរាយការណ៍ ប្រាសាទព្រះវិហារត្រូវបានរងការខូចខាតធ្ងន់ធ្ងរនៅពេលដែលថៃធ្វើការបាញ់ផ្លោង និងវាយប្រហារជាថ្មីចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបានរងការខូចខាតម្តងហើយកាលពីការឈ្លានពានរបស់ថៃ ចន្លោះថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥។

ប្រាសាទព្រះវិហារ ត្រូវបានឡើងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទនេះស្ថិតនៅលើជួរភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការវាយប្រហាររបស់ថៃចាប់ផ្តើមពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា។ ចំពោះកម្ពុជា កងកម្លាំងបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិតបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង ២៤ម៉ោង។ ដោយ៖ KPS99TV

 

Comments

Loading comments…