Skip to main content
Preah Sihanouk Provincial Television
Log in

សមាជិកនៅខេត្តព្រះសីហនុជិត១ពាន់នាក់បានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជនកម្ពុជា

Historical original · translation unavailable

សមាជិកថ្មីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន ៩៩៦នាក់ (ស្រី ៤៧៣នាក់) ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការប្រកាសបញ្ចូលសមាជិកថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។

សមាជិកថ្មីនៅស្រុកព្រៃនប់ជិត ១ពាន់នាក់នេះ មានយុវជនចំនួន ៧៤៣នាក់ (ស្រី ៣៤៨នាក់) ស្មើនឹង ៧៤,៥៩ភាគរយ ដែលមកពីឃុំចំនួន៦ រួមមាន ឃុំជើងគោ ឃុំវាលរេញ ឃុំសម្រុង ឃុំអណ្តូងថ្ម ឃុំទួលទទឹង និងឃុំព្រៃនប់។ ក្នុងនោះ ក៏មានសមាជិកចំនួន៣៥នាក់(ស្រី១១នាក់) ដែលធ្លាប់តែគាំទ្រគណបក្សផ្សេងក៏បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តម សាយ សំអាល បានប្រកាសស្វាគមន៍ចំពោះសមាជិកថ្មីទាំងអស់ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតនៅក្នុងជីវិតនយោបាយ ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានអះអាងថា នេះជាការសម្រេចចិត្តដ៏ធំមួយនៅក្នុងខ្សែជីវិតរបស់សមាជិកថ្មីទាំងអស់ ហើយនេះក៏ជាការសម្រេចចិត្តបែបយុទ្ធសាស្រ្តសម្រាប់ស្រុកព្រៃនប់ផ្ទាល់តែម្តង។ 

ឯកឧត្តម ក៏បានបង្ហាញការជឿជាក់ថា ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ   និងលោក អ៊ី ធារិន សមាជិកគណបក្សខេត្ត និងជាប្រធានគណបក្សស្រុកព្រៃនប់ ក៏មានភាពសប្បាយរីករាយផងដែរនៅពេលដែលបានឃើញប្រជាពលរដ្ឋជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាពិសេសជាមួយគណបក្សនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…