Skip to main content
Preah Sihanouk Provincial Television
Log in

កិច្ចប្រជុំថ្នាក់យោធភូមិភាគ RBC កម្ពុជា-ថៃជួបគ្នាព្រឹកមិញតែលទ្ធផលគ្មាន!

KPS99TVHistorical original · translation unavailable

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។ ចំណែក លទ្ធភាពវិញគ្មាននោះទេ ដោយភាគីទាំងពីររកមិនទាន់ឃើញនូវចំណុចកណ្តាលរួមគ្នានៅឡើយ។

បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំនេះ ធ្វើឡើងដោយក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការកងទ័ពភូមិភាគទី២។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។

គួររំលឹកថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…