ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីអញ្ជើញប្រគល់ផ្ទះចំនួន ៣១ ខ្នង ជូនបងប្អូនអតីតយុទ្ធជនរួចមក ឯកឧត្តមប្រធាន បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ និងការឈូសឆាយរៀបចំដី សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនបន្តទៀត ក្នុងឆ្នាំ២០២៦។
គម្រោងនេះ គឺជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន សាងសង់តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅលើដីសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានណែនាំដល់ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ឲ្យបង្កើនល្បឿនការឈូសឆាយ និងរៀបចំដី ព្រមទាំងការស្ថាបនាផ្លូវ និងស្ពាន ឲ្យស្របតាមស្តង់ដារបច្ចេកទេស។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានដាក់វិធានការ ឲ្យមន្ត្រីជំនាញរៀបចំតបណ្ដាញអគ្គិសនី ដល់ផ្ទះបងប្អូនអតីតយុទ្ធជន និងណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ ជីកអណ្ដូងស្នប់ជូនពួកគាត់ ដើម្បីឲ្យអាចប្រើប្រាស់បានលឿន និងមានភាពងាយស្រួល។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធាន និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានឲ្យដឹងថា នៅឆ្នាំ២០២៥ កន្លងមក សមាគមបានសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣១ ខ្នង និងបានប្រគល់ជូនពួកគាត់រួចរាល់។
សម្រាប់ទិសដៅបន្ត សមាគមកំពុងធ្វើការឈូសឆាយដីចំនួន ៣១ ឡូ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនបន្តទៀត ចំនួន ៣១ គ្រួសារ ស្មើនឹង ៣១ ខ្នងផ្ទះ ព្រមទាំងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដី ប៉ុន្តែផ្ទះមិនសមរម្យ ចំនួន ៦ គ្រួសារបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត











