ការដុតប្លាស្ទិកនៅទីវាល ឬតាមផ្ទះ មិនមែនជាវិធីសម្អាតនោះទេ ប៉ុន្តែជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ ព្រោះវាបញ្ចេញ “អាវុធគីមី” ទៅក្នុងខ្យល់ដែលយើងដកដង្ហើម។ ដូច្នេះ ការដុតប្លាស្ទិក គឺជាឧក្រិដ្ឋកម្មបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់សុខភាពសាធារណៈ បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងរំលោភច្បាប់បរិស្ថាននៅក្នុងប្រទេសជាច្រើន។ ទោះបីជាការអនុវត្តនេះនៅតែមាននៅតំបន់ខ្លះក៏ដោយ ការដុតប្លាស្ទិកនៅទីបើកចំហ ត្រូវបានអ្នកជំនាញទទួលស្គាល់ថា ជាទម្រង់នៃការបំពុលបរិស្ថានដ៏គ្រោះថ្នាក់បំផុតមួយ។
ការដុតប្លាស្ទិក គឺជាគ្រោះមហន្តរាយដល់បរិស្ថាន ដែលលើសពីបញ្ហាផ្សែងប៉ុណ្ណោះ។ ផលប៉ះពាល់ពីការដុតប្លាស្ទិក មិនបានកំណត់ត្រឹមតែការបំពុលខ្យល់ទេ។ កម្ទេចផេះពុលអាចធ្លាក់ចូលដី និងប្រភពទឹក បំពុលដីកសិកម្ម ទន្លេ និងទឹកក្រោមដី។ ការបំពុលនេះអាចចូលទៅក្នុងខ្សែសង្វាក់អាហារ តាមរយៈដំណាំ សត្វចិញ្ចឹម និងត្រី ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអាហារ និងជីវចម្រុះ។
ប្លាស្ទិកត្រូវបានផលិតពីសមាសធាតុគីមីស្មុគស្មាញ ដែលភាគច្រើនមានប្រភពពីឥន្ធនៈហ្វូស៊ីល។ នៅពេលដុត ប្លាស្ទិកមិនបានបាត់បង់ទៅទេ ប៉ុន្តែបញ្ចេញសារធាតុពុលជាច្រើនទៅក្នុងខ្យល់ ដូចជា ឌាយអុកស៊ីន (Dioxins) ហ្វូរ៉ង់ (Furans) លោហៈធ្ងន់ (Heavy Metals) និងភាគល្អិតតូចៗ។ សារធាតុទាំងនេះ អាចបង្កជំងឺផ្លូវដង្ហើម ជំងឺបេះដូង មហារីក និងបញ្ហាការអភិវឌ្ឍន៍ ជាពិសេសចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ។
ការដុតប្លាស្ទិកនៅទីបើកចំហ មិនមានការគ្រប់គ្រងសីតុណ្ហភាព ឬប្រព័ន្ធចម្រោះផ្សែង ដូចរោងចក្រដុតសំរាមដែលមានស្តង់ដារបច្ចេកទេសនោះទេ។ ដូច្នេះ វាបង្កឲ្យមានការបញ្ចេញផ្សែងពុលយ៉ាងខ្លាំង និងមិនអាចទាយទុកមុនបាន ដែលធ្វើឲ្យសហគមន៍នៅជុំវិញ ប្រឈមនឹងហានិភ័យសុខភាពទាំងក្នុងរយៈពេលខ្លី និងវែង។
ចំពោះជម្រើសដែលមានសុវត្ថិភាព យើងមិនអាចប្រើវិធី “ផ្លូវកាត់” ដោយការដុតឡើយ។ ដំណោះស្រាយពិតប្រាកដ គឺការអនុវត្តវិធីសាស្ត្រ 4R ចំនួន ៤ យ៉ាង រួមមាន៖ បដិសេធមិនប្រើប្រាស់ (Refuse) កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃឡើងវិញ (Recycle)។
ត្រូវគ្រប់គ្រងប្លាស្ទិក និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យរថយន្តប្រមូលសំរាម អាចយកទៅកន្លែងកែច្នៃ ឬទីលានចាក់សំរាម ដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ដូច្នេះ ការដុតប្លាស្ទិក អាចជាការដោះដូរភាពងាយស្រួលមួយពេល ប៉ុន្តែជាសកម្មភាពដែលមានផលវិបាកយូរអង្វែង។ ការឈប់ដុតប្លាស្ទិក គឺជាការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគ្រួសារ សហគមន៍ និងមាតុភូមិរបស់យើង៕ ដោយ៖ ប៉ៃ សុឃីម





