Skip to main content
Preah Sihanouk Provincial Television
Log in

ថ្នាក់ដឹកនាំកំពូលៗផ្ញើសារអបអរសាទរខួប៧៨ឆ្នាំការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Historical original · translation unavailable

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៨ឆ្នាំហើយនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៥)។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហោះសារអបអរសាទរខួប៨ឆ្នាំនេះ ដោយសម្តេចបានលើកឡើងថា «តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ»។ 

សម្តេចធិបតី លើកឡើងថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។

ទន្ទឹមគ្នានេះ គេក៏សង្កេតឃើញមានមន្រ្តីជាន់ខ្ពស់ និងក្រសួង-ស្ថាប័នជាច្រើន ក៏បានបង្ហោះសារអបអរសាទរខួប៨ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

គួរជម្រាបថា ប្រាសាទសំបូរព្រៃគុក ភាគច្រើនសាងសង់អំពីឥដ្ឋតាន់ និងមានតួរហូតទៅដល់ ៨ជ្រុង ហើយផ្នែកផ្សេងទៀតធ្វើអំពីថ្មបាយក្រៀម។ ចំណែកគំរូស្ថាបត្យកម្ម ចម្លាក់តុបតែងលម្អលើជញ្ជាំង ដូចជាក្បាច់ផ្តែរ និងសរសរពេជ្រធ្វើអំពីថ្មភក់។ ហើយនៅក្នុងតំបន់នេះ បានបែងចែកជាក្រុមប្រាសាទសំខាន់ៗជាច្រើនទៀតដែរ។

ប្រាសាទសំបូរព្រៃគុក ដែលមានវ័យជាង ១៣៥០ឆ្នាំ ហើយស្ថិតនៅក្នុងព្រៃដ៏ស្ងាត់ជ្រងំមួយ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១ ក្រោយប្រទេសកម្ពុជាជួបនូវវិបត្តិសង្គ្រាម។ ហើយប្រាសាទនេះត្រូវបានចាប់ផ្តើមការស្តារ និងអភិរក្សឡើងវិញនៅដើមសតវត្សទី២០។

ពីមួយឆ្នាំទៅមួយឆ្នាំ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន មិនចាញ់រមណីដ្ឋានប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាដ៏ទៃទៀតនោះទេ។ ជាក់ស្តែង ក្នុងឆមាសទី១ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង ៣ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ៨,៣១៤នាក់ ខណៈក្នុងខែមិថុនា មានភ្ញៀវទេសចរជាង ៣ពាន់នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ២៥១នាក់។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរជាតិសំបូរព្រៃគុក ចេញកាលពីថ្ងៃទី០១ ខែកក្កដា។

នៅអំឡុងឆ្នាំ២០១២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភាគីពាក់ព័ន្ធ បានរៀបចំឯកសារជាច្រើនដាក់ទៅអង្គការយូណេស្កូ ដើម្បីស្នើដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌ។ នៅទីបំផុត រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទី ៣ហើយ បន្ទាប់ពីប្រាសាទអង្គវត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…