មន្ទីព័ត៌មានខេត្តព្រះសីហនុ បានបង្ហាញការគាំទ្របេសកកម្មទូរទស្សន៍ KPS99 ក្នុងការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយពីទិដ្ឋភាពពិតនៃខេត្តព្រះសីហនុ និងឆ្លើយតបប្រឆាំងទៅកាន់អ្នកផលិតមាតិការមួយចំនួនដែលបានបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
ក្នុងពិធីសំណេះសំណាលរវាង លោក Liu Xiao នាយកប្រតិបត្តិស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ និងលោក ខៀវ សាវ៉ុន ប្រធានស្តីទីមន្ទីព័ត៌មានខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈ នៅសណ្ធាគារខេមរៈ ប្រធានស្តីទីមន្ទីព័ត៌មាន បានលើកឡើងថា ស្ថានីយទូរទស្សន៍ KPS99 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត លឿនប្រកបដោយគុណភាពទៅកាន់ប្រជាជនកម្ពុជា និងចិន ធ្វើយ៉ាងឱ្យពិភពលោកដឹងនិងទទួលស្គាល់ពីសក្តានុពល ការអភិវឌ្ឍន៍ និងសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសវិនិយោគិន។
លោកបានបន្ថែមថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនបានព្យាយាមលាបបពណ៌ដោយបង្ហោះព័ត៌មានក្លែងក្លាយ ដូច្នេះមន្ទីព័ត៌មានខេត្តព្រះសីហនុ បាននិងចាត់វិធានការណ៍ ជាពិសេសសហការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យរីករាលដាលកាន់តែអាក្រក់ទៅ។ លោកក៏បានស្នើរឱ្យ KPS99 ជួយផ្សព្វផ្សាយពីទិដ្ឋភាពពិត ក្នុងការលើកមុខមាត់ប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុតែម្តង។
ជាការឆ្លើយតប លោក Liu Xiao បានលើកឡើងថា នឹងព្យាយាមស្តារកេរ្តិ៍ឈ្មោះខេត្តព្រះសីហនុឡើងវិញ តាមរយៈការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការវិនិយោគ បដិសណ្ឋារកិច្ច និងការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងវិនិយោគិនបរទេស។ KPS99 នឹងបន្តសហការណ៍ជាមួយមន្ទីព័ត៌មានខេត្តព្រះសីហនុ ទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យខានតែបាន៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ កែវ ដារ៉ា





















