ក្រុមការងារនៃគម្រោង «អច្ឆរិយភាពនៃទន្លេមេគង្គ» បានសម្រេចលែងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ដូចជា ត្រីត្រសក់ ត្រីគល់រាំង និងប្រភេទផ្សេងៗ សរុបចំនួន ៣៤ក្បាល ចូលទៅក្នុងទន្លេមេគង្គវិញ។ នេះបើតាមការបញ្ជាក់ពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មកពីសាកលវិទ្យាល័យណេវ៉ាដា រីណូ សហរដ្ឋអាម៉េរិក បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងតំណាងសារមន្ទីរ Lee Kong Chian Natural History Museum នៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងប្រជានេសាទក្នុងមូលដ្ឋាន។
ក្រុមការងារបានឲ្យដឹងថា ត្រីទាំង ៣៤ក្បាលនេះ ទទួលបានពីអ្នកចិញ្ចឹមត្រីឯកជន និងប្រជានេសាទ ក្នុងអំឡុងឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ មុននឹងត្រូវបានកំណត់អត្តសញ្ញាណ បំពាក់ស្លាកសម្គាល់ និងលែងចូលទន្លេមេគង្គវិញ។
ការលែងត្រីត្រូវបានធ្វើឡើងនៅតំបន់ម្តុំកោះឧកញ៉ាតី និងមុខព្រះបរមរាជវាំង ដោយរួមមាន៖ ត្រីរាជ ចំនួន ២ក្បាល មានទម្ងន់ចន្លោះពី ១០ ដល់ ៣០ គីឡូក្រាម, ត្រីគល់រាំង ចំនួន ១០ក្បាល មានទម្ងន់ពី ៧ ដល់ ២០ គីឡូក្រាម, ត្រីត្រសក់ ចំនួន ១៩ក្បាល មានទម្ងន់ពី ០,៣ ដល់ ៦ គីឡូក្រាម, ត្រីប្រាធំ ១ក្បាល មានទម្ងន់ប្រហែល ៤,៥ គីឡូក្រាម, ត្រីសណ្ដាយ ១ក្បាល មានទម្ងន់ប្រហែល ១៣ គីឡូក្រាម, ត្រីស្ទក់ ១ក្បាល មានទម្ងន់ប្រហែល ៣,៥ គីឡូក្រាម។
សកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានជលផល និងការពារប្រភេទត្រីជិតផុតពូជនៅក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ។
ដោយ៖ ប៉ៃ សុឃីម





