Skip to main content
Preah Sihanouk Provincial Television
Log in

ព្រះមហាក្សត្រឧទ្ទិសឱ្យពិធី«រុក្ខទិវា»ស្ថិតក្នុងបេះដូងប្រជារាស្រ្តកម្ពុជាគ្រប់ៗរូប

Historical original · translation unavailable

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការឧទ្ទិសឱ្យពិធី «រុក្ខទិវា» ស្ថិតក្នុងបេះដូងរបស់ប្រជារាស្រ្តកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនិងចលនាជាតិនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។

នៅព្រឹកថ្ងៃនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃប្រារព្ធព្រះរាជពិធី «រុក្ខទិវា» លើកទី៣០ ដែលធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតនៅសួនរុក្ខទិវាទំហំ ក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ 

ព្រះរាជពិធីដ៏វិសេសវិសាលនេះ តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដាជារៀងរាល់ឆ្នាំ ដែលជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេសឱ្យដាំ និងថែរក្សាព្រៃឈើ តកូនតចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។

សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ដើម នឹងត្រូវដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតា ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងព្រះរាជសន្ទរកថាព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំរបស់យើងមានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល។

ព្រះអង្គ បានរំលេចថា ពិធី «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទរក្សាទឹក និងជីវៈចម្រុះទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ។

ទន្ទឹមគ្នានេះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់នៅទូទាំងប្រទេស បានចូលរួមដាំដើមឈើដោយមានទស្សនាទានរួម «ដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធានធម្មជាតិដែលមានតម្លៃសម្បូរគ្រប់យ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្រ្ត ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…