Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តមម៉ាង ស៊ីណេតអះអាងថាគ្មានការនាំចូលទំនិញនិងប្រេងឥន្ធនៈពីថៃតាមដែនសមុទ្រខេត្តព្រះសីហនុទេ

Historical original · translation unavailable

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណលោក ហែម ដារិទ្ធិ អភិបាលរងខេត្ត ដែលបានដឹកនាំគ្រប់គ្រងការនាំចេញ-ចូលប្រេងឥន្ធនៈ ឧស្ម័ន និងបន្លែផ្លែឈើពីប្រទេសថៃ។ ឯកឧត្តមអះអាងថា «ការងារសម្រាប់ផ្លូវទឹក យើងធ្វើបានល្អហើយ យើងនឹងបន្តតាមដានដោយប្រុងប្រយ័ត្នបន្ថែមទៀត»។ ក្នុងន័យនេះ ចង់បញ្ជាក់ថា ដែនសមុទ្រខេត្តព្រះសីហនុ គ្មានកប៉ាល់ដឹកទំនិញ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីប្រទេសថៃចូលមកនោះទេ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត បានជំរុញឱ្យកងកម្លាំងទាំងនៅលើគោកនិងនៅលើទឹក ត្រូវចេញល្បាតដើម្បីពង្រឹងការនាំចេញ-ចូលទំនិញ បន្លែ ផ្លៃឈើ ជាពិសេសប្រេងឥន្ធនៈពីប្រទេសថៃ។ កងកម្លាំងផ្លូវទឹកត្រូវល្បាតលើលំហសមុទ្រនិងតាមកំពង់ផែ ចំណែក នៅលើផ្លូវគោក ប៉ូលិស និងកងរាជអាវុធហត្ថ រួមទាំងអាជ្ញាធរត្រូវជួយតាមដាននៅតាមច្រក ដូចជានៅទំនប់រលកមានផែ មានផ្ទះប្រជាពលរដ្ឋច្រើនដែលជាគោលដៅអាចនាំចូលប្រេងឥន្ធនៈតាមពីដុងបាន។ ចំណុចនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រសិនបើឱ្យនាំចូលសេរីក្នុងមួយទូក ២០ទៅ៣០កាន នោះអាចនឹងនាំចូលជាហូហែរ។ ដោយឡែក តំបន់កោះខ្យង កោះរ៉ុង និងតំបន់ត្រពាំងល្ពៅ ក្នុងស្រុកព្រៃនប់ ក៏ត្រូវតាមដានដែរព្រោះជាគោលដៅដែលអាចនាំចេញ-ចូលបាន។ 

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានព្រមានថា មិនត្រូវអនុញ្ញាតដាច់ខាតឱ្យមានការនាំចូលពីប្រទេសថៃ ទោះជាមានអ្នកអន្តរាគមន៍ក៏ដោយ ប្រសិនបើមានអ្នកអន្តរាគមន៍ត្រូវចាប់អ្នកនោះមកអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹង ដូច្នេះត្រូវសហការគ្នាតាមដានដោយប្រុងប្រយ័ត្ន។

ឯកឧត្តមលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈពីប្រទេសផ្សេងក្រៅពីប្រទេសថៃ។ ដោយ ឯកឧត្តមបានចោទជាសំណួរ ហេតុអ្វីបានជាប្រេងឥន្ធនៈរបស់ PTT ថៃនៅតែមានទៀត? ។ ត្រង់ចំណុចនេះ ឯកឧត្តមបានគូសបញ្ជាក់ថា PTT ក៏នៅតែនាំចូលដដែល ប៉ុន្តែមិនមែននាំចូលពីប្រទេសថៃនោះទេ ពោលគឺនាំចូលពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ហើយរាជរដ្ឋាភិបាលកម្ពុជា បិទការនាំចូលតែពីប្រទេសថៃប៉ុណ្ណោះ ចំណែកការនាំចូលពីប្រទេសផ្សេង កម្ពុជា គ្មានហេតុផលទៅបិទពាណិជ្ជកម្មជាមួយប្រទេសផ្សេងនោះទេដូចជា ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី៕

អត្ថបទ ៖ ង៉ែត ពិសាន្ត

រូបភាព ៖ ឡាយ កុល

Comments

Loading comments…