Skip to main content
Preah Sihanouk Provincial Television
Log in

ប្រាសាទធម្មនន្ទ បង្ហាញពីចម្លាក់ក្រទ្បោតខ្ពស់ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍

KPS99TVHistorical original · translation unavailable

ប្រាសាទធម្មនន្ទ ត្រូវបានសន្មតថាស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី១១ និងដើមសតវត្សទី១២ នៃគ្រិស្តសករាជ ហើយបានបញ្ចប់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស. ១១១៣–១១៥០) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។

ប្រាសាទធម្មនន្ទ មានទីតាំងស្ថិតនៅក្រៅក្រុងអង្គរធំ ខាងកើតទ្វារជ័យ ចម្ងាយប្រហែល ៥០០ ម៉ែត្រ។ នៅខាងត្បូង គូជាមួយប្រាសាទនេះ គឺប្រាសាទចៅសាយទេវតា។ ប្រាសាទធម្មនន្ទ ជាប្រាសាទមានទ្រង់ទ្រាយតូច ដែលកសាងឡើងតាមរចនាបថអង្គរវត្ត។

ប្រាសាទនេះមានរាងចតុកោណ ហើយប្រាង្គបែរមុខទៅទិសខាងកើត។ នៅជុំវិញមានកសិន្ធុទឹក កំពែងថ្មបាយក្រៀម និងខ្លោងទ្វារចំនួនពីរ ស្ថិតនៅខាងកើត និងខាងលិច ព្រមទាំងមានហោត្រៃមួយនៅទិសអាគ្នេយ៍។

តួប្រាសាទកណ្ដាលមានលក្ខណៈពិសេស ដោយមានយ៉ចំនួន ៤ ដែលយ៉ខាងកើតបើកជាច្រកចូលសំខាន់ ខណៈយ៉ ៣ ទៀតបិទដោយទ្វារបញ្ឆោត។ នៅលើទ្វារបញ្ឆោតនៃយ៉ទាំង៣ មានចម្លាក់ល្អវិចិត្រ និងអមដោយចម្លាក់ទេវតាជាច្រើន ស្រដៀងនឹងប្រាសាទអង្គរវត្ត។

ផ្តែរលើខ្លោងទ្វារខាងកើត មានចម្លាក់ព្រះនារាយណ៍គង់លើជំនិះគ្រុឌ។ នៅលើហោជាងខាងត្បូងនៃមណ្ឌប មានចម្លាក់រឿងព្រះឥសូរគង់ធ្វើតាបសនៅលើភ្នំមួយ ដែលត្រូវក្រុងរាពណ៍អង្រួនរំខាន ប៉ុន្តែព្រះអង្គបានចុចចុងម្រាមជើងចុះដី សង្កត់ក្រុងរាពណ៍មិនឱ្យរើខ្លួនរួច។ ក្រៅពីនេះ ក៏មានចម្លាក់រឿងរាមកេរ្តិ៍ជាច្រើនកន្លែងផ្សេងទៀត បង្ហាញនៅតាមផ្តែរ និងហោជាងផ្សេងៗផងដែរ។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…