តំណាងប្រតិភូធនាគារពិភពលោក បានប្តេជ្ញាយ៉ាងមុតមាំរបស់ធនាគារពិភពលោកចំពោះវិស័យទឹកស្អាតនៅកម្ពុជា ដោយសន្យាផ្តល់ជំនួយបច្ចេកទេសបន្ថែម និងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍សាកលរបស់ខ្លួនជាមួយកម្ពុជា ទាក់ទងនឹងការរៀបចំក្របខ័ណ្ឌនិយតកមុ្មវិស័យប្រកបដោយប្រសិទ្ធភាព។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៧ ខែកក្កដា លោកស្រី Maria Angelica Sotomayor ប្រធានផ្នែកអនុវត្តវិស័យទឹកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានដឹកនាំគណៈប្រតិភូធនាគារពិភពលោក បានអះអាងថា «ធនាគារទើបបានអនុម័តអភិក្រមកម្មវិធីពហុដំណាក់កាលថ្មីសម្រាប់រយៈពេល១០ឆ្នាំ ហើយស្វាគមន៍ការចូលរួមរបស់កម្ពុជាក្នុងកម្មវិធីថ្នាក់តំបន់នេះ ដោយផ្តោតលើការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតរយៈពេលវែង»។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ធនាគារពិភពលោក ដែលបន្តគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ។ ឯកឧត្តមបានសង្កត់ធ្ងន់លើដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុសម្រាប់និរន្តរភាព និងភាពចាំបាច់ក្នុងការកែលម្អនិយតកម្ម និងហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត។
ឯកឧត្តមលើកឡើងបែបនេះ៖ «ការប្រែប្រួលអាកាសធាតុកើតមានពិតប្រាកដ ហើយវាបាននិងកំពុងប៉ះពាល់ដល់ប្រភពទឹក និងគម្រោងដែលយើងកំពុងអនុវត្ត»។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យធនាគារពិភពលោក ពិចារណាកែសម្រួលលក្ខខណ្ឌលទ្ធកម្មមួយចំនួន ដើម្បីគាំទ្រឱ្យឧស្សាហកម្មក្នុងស្រុកអាចចូលរួមផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត។ ឯកឧត្តមបានលើកឡើងថា៖ «យើងត្រូវបន្តគាំទ្រឧស្សាហកម្មក្នុងស្រុក រួមទាំងឧស្សាហកម្មផលិតទុយោ ម៉ាស៊ីនបូមទឹក និងឧបករណ៍ផ្សេងៗទៀត។ បច្ចុប្បន្ន រោងចក្រក្នុងស្រុករបស់យើងមួយចំនួនមានស្តង់ដាអន្តរជាតិ ហើយពួកគេអាចរួមចំណែកសំខាន់ក្នុងវិស័យនេះ»។
សូមជម្រាបថា គណៈប្រតិភូកំពុងបំពេញបេសកកម្មការងារនៅកម្ពុជាក្នុងសប្តាហ៍នេះ នឹងចុះទស្សនកិច្ចរោងចក្រ ផលិតទឹកស្អាត របស់រដ្ឋាករទឹកស្ទោង-តាំងក្រសាំង ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក៕
ដោយ៖ ង៉ែត ពិសាន្ត






