Skip to main content
Preah Sihanouk Provincial Television
Log in

រោងចក្រផលិតគ្រឿងសង្ហារិមនិងរោងចក្រកែច្នៃលោហៈធាតុតម្លៃជិត៣លានដុល្លារលេចរូបរាងឡើងនៅស្រុកព្រៃនប់

KPS99TVHistorical original · translation unavailable

គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម សម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដូចជា ទ្វារបង និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន កាកា (ខេមបូឌា) អៅដរ លីវីង ឯ.ក និងគម្រោងបង្កើតរោងចក្រកែច្នៃលោហៈធាតុ ដូចជា ស៊ុម កៅអី តុ វិស រឺស័រ និងកន្លាស់ របស់ក្រុមហ៊ុន ស៊ីនរុន មេធល ប្រដាក់ ឯ.ក បានបង្កើតឡើងនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោងទាំង២មានតម្លៃទុនវិនិយោគសរុបជិត ៣លានដុល្លារអាម៉េរិក បានដាក់ជូនឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា ពិនិត្យ និងសម្រេចឯកភាពនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ។ បើតាមរបាយការណ៍ បានឱ្យដឹងថា គម្រោងទី១ មានទុនវិនិយោគជាង ១.២លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារជូនពលរដ្ឋក្នុងស្រុក ១៦៤នាក់ និងជនបរទេស១១នាក់។ ចំណែក គម្រោងទី២ មានទុនវិនិយោគជាង ១.៦លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារជូនពលរដ្ឋក្នុងស្រុក ១៦៤នាក់ និងជនបរទេស ១១នាក់ដូចគ្នា។  

ចំពោះផលិតកម្មរបស់ក្រុមហ៊ុន កាកា និងផលិតកម្មរបស់ក្រុមហ៊ុន ស៊ីនរុន មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាម៉េរិក អូស្រ្តាលី កាណាដា និងសហគមន៍អឺរ៉ុប។ ប៉ុន្តែក្រុមហ៊ុន ស៊ីនរុន មិនទាន់ដាក់ដំណើរការផលិតកម្មនោះទេ ដោយគ្រោងចាប់ផ្តើមនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ រីឯក្រុមហ៊ុន កាកា បានដាក់ដំណើរការផលិតកម្មរបស់ខ្លួនតាំងពីថ្ងៃទី០១ ខែកុម្ភៈ។

តាមរបាយការណ៍ដដែល គម្រោងទាំង២នេះ នឹងទទួលបានការលើកទឹកចិត្តរយៈពេល៣ឆ្នាំលើការលើកលែងពន្ធលើប្រាក់ចំណូល, ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល, ការលើកលែងពន្ធអប្បបរមា អាករនាំចេញ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ បន្ទាប់ពីទទួលបានការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។ គម្រោងទាំង២ មានភាពសមស្របនឹងទទួលបានការចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…