តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តម អ៊ាង សុផល្លែត ចេញផ្សាយថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់យ៉ាងច្បាស់ថា ការដុតសំរាមនៅទីលានចាក់សំរាម មិនត្រឹមតែបង្កហានិភ័យដល់សុខភាពសាធារណៈ និងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែអាចជាបទល្មើសធ្ងន់ធ្ងរដែលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។
ទោះបីមនុស្សខ្លះយល់ថា ការដុតសំរាមជាវិធីលឿនក្នុងការកាត់បន្ថយបរិមាណសំណល់ ឬស្រង់យកលោហៈមានតម្លៃក៏ដោយ សកម្មភាពនេះអាចនាំឱ្យមានទោសទណ្ឌធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់យូរអង្វែងដល់សហគមន៍។
១. អាចជាបទល្មើសដុតបំផ្លាញ (Arson): ការបញ្ឆេះភ្លើងដោយចេតនានៅទីតាំងចាក់សំរាម អាចត្រូវបានចាត់ទុកជាបទល្មើសដុតបំផ្លាញ។ សកម្មភាពនេះអាចបង្កអគ្គិភ័យរាលដាលយ៉ាងឆាប់រហ័ស គ្រប់គ្រងមិនបាន បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋជិតខាង។
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការដុតបំផ្លាញដោយមានចេតនា ជាពិសេសដោយប្រើអគ្គិភ័យ អាចត្រូវផ្តន្ទាទោសចាប់ពីបទមជ្ឈិម (ជាប់ពន្ធនាគារក្រោម៥ឆ្នាំ) រហូតដល់បទឧក្រិដ្ឋ (ជាប់ពន្ធនាគារពី៥ឆ្នាំ ដល់អស់មួយជីវិត) អាស្រ័យលើទំហំការខូចខាត និងគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងករណីបង្កឱ្យមានអ្នករងរបួស ឬបាត់បង់ជីវិត អាចមានការចោទប្រកាន់បន្ថែម និងទាមទារសំណងស៊ីវិលផងដែរ។
២. បំពានច្បាប់បរិស្ថាន និងធនធានធម្មជាតិ: ការដុតសំរាមបើកចំហ បង្កការបញ្ចេញផ្សែងពុល និងសារធាតុគ្រោះថ្នាក់ទៅក្នុងខ្យល់។ ជាក់ស្ដែង យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន ត្រង់៖
មាត្រា២៧២ ស្តីពីសកម្មភាពបង្កផលប៉ះពាល់ ដែលបានចែងថា «ហាមឃាត់ដាច់ខាតសកម្មភាពស្ដុកទុក បញ្ចេញ ដុត កប់ បោះចោលសំណល់គ្រោះថ្នាក់ដែលបង្កឱ្យមានផលប៉ះពាល់សុខភាពសាធារណៈ បរិស្ថាន ឬបង្កការខូតខាតទ្រព្យសម្បតិ្ត។» ហើយអាចមានទោសដូចចែងក្នុង មាត្រា៨៤៤ ស្ដីពីសកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាន ដែលបានចែងថា «បុគ្គលដែលធ្វើសកម្មភាពស្ដុកទុក បញ្ចេញ ដុត កប់ បោះចោលសំណល់គ្រោះថ្នាក់ ហើយបង្កផលឱ្យមានផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ ឬបង្កការខូតខាតទ្រព្យសម្បត្តិ ដូចមានចែងក្នុងមាត្រា ២៧២(សកម្មភាពបង្កផលប៉ះពាល់)នៃក្រមនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការផាកពិន័យអន្តរការណ៍ចំនួន២(ពីរ)ដង ហើយនៅតែបន្តប្រព្រឹត្តិអំពើល្មើសដដែលក្នុងអំឡុងពេល១(មួយ)ឆ្នាំ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន។»
មាត្រា ៨៣០ ស្ដីពីការបំពានកាតព្វកិច្ចដែលបង្កការរំខានដោយសំឡេង រំញ័រ ឬក្លិន បានចែងថា «បុគ្គលដែលបានធ្វើសកម្មភាពបញ្ចេញសំឡេង រំញ័រ ឬក្លិន ដែលបង្កឱ្យមានការរំខានដល់ការរស់នៅការប៉ះពាល់សុខភាពមនុស្ស ឬផលប្រយោជន៍សាធារណៈ ឬឯកជនដូចមានចែងក្នុងមាតា្រ១៦១(កាតព្វកិច្ចមិនបង្កការរំខានដោយសំាឡេង រំញ័រ ឬក្លិនន)នៃក្រមនេះ ត្រូវផ្ដន្ទនាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី១០ ០០០ ០០០(ដប់លាន)រៀល ទៅ១០០ ០០០ ០០០(មួយរយលាន)រៀល ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងពិន័យអន្តរការណ៍ចំនួន២(ពីរ)ដង ហើយនៅតែបន្តប្រព្រឹត្តិអំពើល្មើសដដែលក្នុងអំឡុងពេល១(មួយ)ឆ្នាំ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន។»
មាត្រា៨៣៥ ស្ដីពីការបង្កឱ្យមានការសាយភាយសារធាតុគ្រោះថ្នាក់ ចំណុច២ បានចែងថា «បុគ្គលដែលធ្វើសកម្មភាពបង្កឱ្យមានការសាយភាយសារធាតុគ្រោះថ្នាក់ទៅក្នុងបរិស្ថាន ហើយបានបង្កឱ្យមានផលប៉ះពាល់បរិស្ថាន ជីវៈចម្រុះ ឬសុខភាពសាធារណៈ ត្រូវផ្តន្ទនាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល។»
ច្បាប់ទាំងនេះបង្ហាញថា ការដុតសំរាមមិនមែនជាបទល្មើសស្រាលឡើយ ប៉ុន្តែជាការបំពានធ្ងន់លើសុវត្ថិភាពសង្គម និងបរិស្ថានជាតិ។
៣. ផលប៉ះពាល់ដល់សហគមន៍ និងសេវាសាធារណៈ ក្រៅពីទោសផ្លូវច្បាប់ សកម្មភាពនេះបង្កបន្ទុកធ្ងន់លើសេវាសង្គ្រោះបន្ទាន់ បង្កហានិភ័យដល់ក្រុមពន្លត់អគ្គិភ័យ និងបង្កភាពភ័យខ្លាចក្នុងសហគមន៍។ ចំណាយក្នុងការពន្លត់ភ្លើង និងស្តារបរិស្ថានឡើងវិញ ជាធម្មតាធ្លាក់ទៅលើអាជ្ញាធរមូលដ្ឋាន និងអ្នកបង់ពន្ធ។
សេចក្ដីសន្និដ្ឋាន: ការដុតសំរាមនៅទីលានចាក់សំរាម មិនមែនជាវិធានការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពឡើយ។ ផ្ទុយទៅវិញ វាជាសកម្មភាពដែលអាចត្រូវចាត់ទុកជាបទល្មើសដុតបំផ្លាញ បទល្មើសបរិស្ថាន និងការបង្កគ្រោះថ្នាក់ដោយមិនប្រុងប្រយ័ត្ន។
ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការគ្រប់គ្រងសំណល់តាមស្តង់ដារ គឺជាគន្លឹះសំខាន់ក្នុងការការពារសុខភាពប្រជាពលរដ្ឋ និងបរិស្ថានជាតិឱ្យបានយូរអង្វែង។
ប្រភព៖ ហ្វេសប៊ុកផ្លូវការ ឯកឧត្តម អ៊ាង សុផល្លែត
ដោយ៖ KPS99TV

