ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ៊ូណាន ប្រទេសចិន នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកច្រកទីផ្សារសម្រាប់ផ្លែឈើស្រស់របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំចូល ផ្លែធុរេន និងផ្លែខ្នុរ ពីកម្ពុជាបន្ថែមទៀត ដើម្បីដាក់លក់នៅក្នុងទីផ្សារបោះដុំខ្នាតធំមួយនេះ។
ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍លើកឡើង ក្នុងឱកាសដឹកនាំសហការីបន្តដំណើរទស្សនកិច្ចសិក្សា នៅ មជ្ឈមណ្ឌលផ្សារបោះដុំកសិផលសកល ហុងស៊ីង (Hong Xing Global Agri-Wholesale) ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទីផ្សារបោះដុំបន្លែ ផ្លែឈើស្រស់ និងផលិតផលកសិកម្មនានា។
លើសពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានអញ្ជើញ និងស្នើឱ្យតំណាងក្រុមហ៊ុន មកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បី៖ ផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយកសិករ និងអ្នកផលិតនៅកម្ពុជា, ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រវាងអ្នកលក់នៅកម្ពុជា និងអ្នកបញ្ជាទិញនៅប្រទេសចិន។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណើរបស់ឯកឧត្ដមបណ្ឌិត ហើយបានបញ្ជាក់ពីឆន្ទៈក្នុងការមកសិក្សាស្វែងយល់ ដើម្បីវិនិយោគលើវិស័យផ្លែឈើនៅកម្ពុជា ក្នុងគោលដៅពង្រីកការនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើន។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន មជ្ឈមណ្ឌលបោះដុំកសិផល ហុងស៊ីង កំពុងដំណើរការនាំចូលផលិតផលពីកម្ពុជារួចហើយ រួមមាន អង្ករ ផ្លែចេកស្រស់ និងផ្លែមៀនប៉ៃលិន ដែលកំពុងទទួលបានការគាំទ្រល្អនៅលើទីផ្សារប្រទេសចិនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម









