បន្ទាប់ពីក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់លើស្ថានីយដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃហួសហេតុ នៅពេលនេះ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានី-ខេត្ត បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មនិងមន្រ្តីនៃមន្ទីររ៉ែនិងថាមពល ចុះអង្កេតតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូទូទាំងប្រទស។ ក្នុងនោះ មន្រ្តីនឹងពិនិត្យគុណភាព និងបរិមាណ តាមរយៈការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ។
២ថ្ងៃពោលគឺនៅថ្ងៃទី៦ និងទី៧ ខែមីនា ឆ្នាំ២០២៦ មន្រ្តីជំនាញបានចុះដល់គោលដៅដែលសាធារណជនបានផ្តល់ព័ត៌មានអំពីការលក់ដំឡើងថ្លៃខុសប្រក្រតីហួសហេតុនៅស្រុកកំរៀង ខេត្តបាត់ដំបង , ស្រុករុនតាឯក ខេត្តសៀមរាប ស្រុកសំបូរ ខេត្តក្រចេះ , ស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ដែលជាលទ្ធផលដេប៉ូចែកចាយមួយចំនួនបានបិទទ្វារ ផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន និងខ្លះអះអាងថា អស់ស្តុកចែកចាយ។ ការណ៍នេះ មន្រ្តីជំនាញនឹងអនុវត្តការផ្ទៀងផ្ទាត់ភាពអនុលោម ដើម្បីដាក់ចេញវិធានការតាមនីតិវិធី។
អគ្គនាយកដ្ឋាន ក.ប.ប. ជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់នៅពេលជួបប្រទះនូវភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងបរិមាណ គុណភាព ឬការដំឡើងថ្លៃលក់លើសហួសហេតុសូមផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. និងក្រសួងពាណិជ្ជកម្ម ដើម្បីចុះអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ជាធរមាន៕
ដោយ៖ ង៉ែត ពិសាន្ត

















