Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងអប់រំជំរុញវប្បធម៌អំណានក្នុងសង្គមឌីជីថល៖ ឯកឧត្តម ហង់ជួន ណារ៉ុន អំពាវនាវពង្រឹងការអាន និងសរសេរ ក្នុងបរិបទសកលភាវូបនីយកម្ម

KPS99TVHistorical original · translation unavailable

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអាន និងការសរសេរ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍជំនាញ ការលើកកម្ពស់ភាសាជាតិ ការកែលម្អលទ្ធផលសិក្សា និងការពង្រីកការយល់ដឹងអំពីពិភពលោក។ ក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងសកលភាវូបនីយកម្ម ការអប់រំ និងការបណ្តុះបណ្តាលផ្នែកអំណាន និងសំណេរ ត្រូវការការយកចិត្តទុកដាក់កាន់តែខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសង្គមសម័យថ្មី។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងពិធីប្រារព្ធ ទិវាជាតិអំណាន ១១ មីនា ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដែលរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា នៅក្នុងសង្គមឌីជីថលសព្វថ្ងៃ ការអានមិនត្រឹមតែមានតាមរយៈសៀវភៅបោះពុម្ពប៉ុណ្ណោះទេ ប៉ុន្តែអាចអានតាមឧបករណ៍អេឡិចត្រូនិក ទូរសព្ទវៃឆ្លាត និងវេទិកាឌីជីថលផ្សេងៗផងដែរ។ ការអានតាមបច្ចេកវិទ្យាទំនើបអាចជួយសន្សំពេលវេលា ងាយស្រួលក្នុងការចូលដំណើរការ និងរួមចំណែកការពារបរិស្ថាន។ បច្ចុប្បន្ន សិស្ស និស្សិត និងយុវជនកម្ពុជាច្រើនកំពុងប្រើប្រាស់មធ្យោបាយអំណានទាំងនេះ ដើម្បីពង្រីកចំណេះដឹង និងបង្កើនសមត្ថភាពសិក្សារបស់ខ្លួន។

ឯកឧត្តមបានបន្ថែមថា ទោះបីបច្ចេកវិទ្យាអភិវឌ្ឍយ៉ាងលឿនក៏ដោយ ប្រទេសជឿនលឿនជាច្រើននៅតែរក្សាវប្បធម៌អានសៀវភៅឱ្យមានសន្ទុះខ្លាំង។ ដោយហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តរៀបចំ ទិវាជាតិអំណាន ចាប់តាំងពីឆ្នាំ២០១៦ មក ដើម្បីជំរុញវប្បធម៌អានក្នុងសង្គមកម្ពុជា។

ជាមួយគ្នានេះ ក្រសួងបានអនុវត្តវិធានការសំខាន់ៗក្នុងការពង្រឹងមូលដ្ឋានគ្រឹះអំណាននៅកម្រិតបឋមសិក្សា ដោយពង្រីកការអនុវត្ត កញ្ចប់អំណានថ្នាក់ដំបូង សម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស។ កញ្ចប់អំណាននេះក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ ទាំងក្នុងប្រព័ន្ធ ១២+២ និង ១២+៤ ដើម្បីធានានិរន្តរភាពនៃគុណភាពបង្រៀន។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអនុវត្តយន្តការប្រឹក្សាគរុកោសល្យ និងពិនិត្យឡើងវិញវិធីសាស្ត្របង្រៀនអំណាន ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស។

ក្នុងចំណោមវិធានការសំខាន់ៗសម្រាប់លើកកម្ពស់អំណាន រួមមាន ការពង្រឹងអក្ខរកម្ម ការកែលម្អវិធីសាស្ត្របង្រៀន ការអនុវត្តគោលការណ៍បង្រៀន «ខ្ញុំធ្វើ–យើងធ្វើ–អ្នកធ្វើ» និងការជំរុញសកម្មភាពអំណានក្នុងបណ្ណាល័យសាលារៀន។

ជាមួយគ្នានេះផងដែរ លទ្ធផលវាយតម្លៃ SEA-PLM ឆ្នាំ២០២៤ បានបង្ហាញថា សមត្ថភាពអំណានរបស់សិស្សកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពិន្ទុជាមធ្យមបានកើនឡើង ៦ ពិន្ទុ ប្រៀបធៀបនឹងឆ្នាំ២០១៩។ អត្រាសិស្សដែលមានសមត្ថភាពអំណានខ្ពស់បានកើនពី ២៧% ទៅ ៣៩% ខណៈអត្រាសិស្សឆ្នើមកើនពី ១១% ទៅ ១៨% ក្នុងរយៈពេលដូចគ្នា។

តាមលទ្ធផលវាយតម្លៃនេះ សមត្ថភាពអំណានរបស់សិស្សកម្ពុជាស្ថិតនៅលំដាប់ទី៤ ក្នុងចំណោមប្រទេសដែលបានចូលរួមវាយតម្លៃទាំងពីរលើក បន្ទាប់ពីវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយជាមធ្យមស្មើប្រហាក់ប្រហែលកម្រិតមធ្យមភាគរបស់អាស៊ានប្រហែល ៣០០ ពិន្ទុ។ ដោយ៖ KPS99TV

Comments

Loading comments…