Skip to main content
Preah Sihanouk Provincial Television
Log in

អគ្គនាយកដ្ឋានឧស្សាហកម្ម សហការជាមួយក្រុមហ៊ុន ហ្សុង ស៊ីប៊ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក ពង្រឹងការត្រួតពិនិត្យសុវត្ថិភាពឧបករណ៍មានហានិភ័យខ្ពស់

KPS99TVHistorical original · translation unavailable

ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាសុវត្ថិភាពសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានឧស្សាហកម្ម និងក្រុមហ៊ុន ហ្សុង ស៊ីប៊ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងការត្រួតពិនិត្យសុវត្ថិភាពលើឧបករណ៍ដែលមានហានិភ័យខ្ពស់ចំនួន ៨ ប្រភេទ។

សេចក្តីជូនដំណឹងនេះត្រូវបានប្រកាសកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងបណ្តុះបណ្តាលបច្ចេកទេសឧបករណ៍មានហានិភ័យខ្ពស់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដោយឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកអគ្គនាយកដ្ឋានឧស្សាហកម្ម និងលោក AI SHENGFU អគ្គនាយកក្រុមហ៊ុន។

យោងតាមសេចក្តីជូនដំណឹង បានកំណត់ឱ្យមានការត្រួតពិនិត្យសុវត្ថិភាពលើឧបករណ៍ហានិភ័យខ្ពស់ចំនួន ៨ ប្រភេទ រួមមាន ឡរចំហាយ ធុងសម្ពាធ បំពង់សម្ពាធ ជណ្តើរយន្ត គ្រឿងចក្រលើកដាក់ទំនិញ យានជំនិះកន្លែងកម្សាន្ត និងប្រព័ន្ធផ្លូវរថភ្លើងសម្រាប់អ្នកដំណើរនៅក្នុងកន្លែងកម្សាន្ត។

សេចក្តីជូនដំណឹងបានគូសបញ្ជាក់ពីវិធានការសំខាន់ៗមួយចំនួន ដូចជា៖

1. ការគ្រប់គ្រងវិញ្ញាបនបត្រគុណវឌ្ឍន៍យ៉ាងតឹងរឹង៖ អង្គភាពដែលពាក់ព័ន្ធនឹងការផលិត ដំឡើង      កែប្រែ ជួសជុល និងថែទាំឧបករណ៍មានហានិភ័យខ្ពស់      ត្រូវដាក់ពាក្យសុំត្រួតពិនិត្យគុណវឌ្ឍន៍ពីវិទ្យាស្ថានត្រួតពិនិត្យពិសេស      និងទទួលបានវិញ្ញាបនបត្រពីក្រសួង មុនអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្ម។      ឧបករណ៍នាំចូលពីបរទេសត្រូវឆ្លងកាត់ការវាយតម្លៃ និងទទួលស្គាល់គុណភាពជាមុន      មិនដូច្នេះទេ នឹងត្រូវហាមឃាត់។

2. ការពង្រឹងការត្រួតពិនិត្យបច្ចេកទេស៖ ឧបករណ៍ដែលបានដំឡើងថ្មី      ត្រូវមានឯកសារផ្លូវការគ្រប់គ្រាន់ និងត្រូវបានត្រួតពិនិត្យមុនដាក់ប្រើប្រាស់។      សម្រាប់ឧបករណ៍ដែលកំពុងប្រើប្រាស់      ត្រូវអនុវត្តការត្រួតពិនិត្យជាប្រចាំតាមកាលវិភាគកំណត់។

3. ការអនុវត្តប្រព័ន្ធបុគ្គលិកមានវិញ្ញាបនបត្រ៖ បុគ្គលិកបច្ចេកទេស វិស្វករ      និងអ្នកប្រើប្រាស់ឧបករណ៍ ត្រូវមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់      ព្រមទាំងឆ្លងកាត់ការបណ្តុះបណ្តាល និងវាយតម្លៃ      មុនទទួលបានវិញ្ញាបនបត្រអនុញ្ញាតឱ្យធ្វើការ។

4. វិធានការផ្តន្ទាទោសតឹងរ៉ឹង៖ អង្គភាព ឬបុគ្គលដែលបំពានលើបទប្បញ្ញត្តិ      នឹងត្រូវទទួលទណ្ឌកម្មតាមច្បាប់ រួមមានការផាកពិន័យ ការដកហូតអាជ្ញាប័ណ្ណ      និងការផ្អាកប្រតិបត្តិការ។ ក្នុងករណីបង្កគ្រោះថ្នាក់ដល់សាធារណៈ      នឹងត្រូវទទួលខុសត្រូវតាមច្បាប់ដោយតឹងរ៉ឹង។

អាជ្ញាធរបានបញ្ជាក់ថា សុវត្ថិភាពនៃឧបករណ៍មានហានិភ័យខ្ពស់ គឺជាបញ្ហាសំខាន់ពាក់ព័ន្ធជាមួយសុវត្ថិភាពជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អង្គភាព និងបុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនេះ និងបំពេញកាតព្វកិច្ចសុវត្ថិភាពដោយមានការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ អាជ្ញាធរក៏អំពាវនាវឱ្យសាធារណជនចូលរួមត្រួតពិនិត្យ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់ ឬមិនប្រក្រតីទៅកាន់វិទ្យាស្ថានត្រួតពិនិត្យពិសេស ឬក្រសួងឧស្សាហកម្ម តាមលេខទូរស័ព្ទបន្ទាន់៖ 0317 222 888 / 0317 333 999៕

ដោយ៖ KPS99TV

Comments

Loading comments…