Skip to main content
Preah Sihanouk Provincial Television
Log in

បង្ក្រាបទីតាំង Online Scams នៅបុរីប៉េងហួត ឃាត់ខ្លួនជនជាតិចិន ១៩នាក់ និងរឹបអូសឧបករណ៍ជាច្រើន

KPS99TVHistorical original · translation unavailable

ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តអនុវត្តប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយចុះឆែកឆេរទីតាំងមួយកន្លែងស្ថិតនៅក្នុងបុរីប៉េងហួត បឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ១៩នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ទូរសព្ទដៃចំនួន ១២៣ គ្រឿង កុំព្យូទ័រ All-in-One ចំនួន ៨ គ្រឿង ម៉ូនីទ័រ ២ គ្រឿង កុំព្យូទ័រយួរដៃ ១ គ្រឿង CPU ១ គ្រឿង ព្រមទាំងមួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិនចំនួន ៣ កំប្លេ។

ប្រតិបត្តិការនេះត្រូវបានអនុវត្តនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការវាយតម្លៃបឋមរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងនៅកម្ពុជា ជាគោលដៅបង្កប់សម្រាប់អនុវត្តសកម្មភាពឆបោកតាមអនឡាញ ដោយប្រើប្រាស់វិធីសាស្ត្រក្លែងបន្លំ និងឯកសារក្លែងធ្វើជាសមត្ថកិច្ចប្រទេសចិន ដើម្បីបន្លំជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ និងពង្រីកស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្លោងពាក់ព័ន្ធបន្ថែម។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ឬសកម្មភាពឆ្លងដែនខុសច្បាប់ឡើយ ហើយបុគ្គល ឬអង្គភាពណាដែលពាក់ព័ន្ធ នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការយោគយល់៕ ដោយ៖ KPS99TV

Comments

Loading comments…