សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ និងការពារដាច់ខាតនូវគុណតម្លៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ។
ក្នុងសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងបម្រែបម្រួលសង្គម និងសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោក ជាពិសេសការចាប់យកឱកាសថ្មីៗ ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក។
សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់អាទិភាពសំខាន់៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ការលើកកម្ពស់សុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះសម្រាប់ការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល។ រាជរដ្ឋាភិបាលក៏មានចក្ខុវិស័យច្បាស់លាស់ក្នុងការពារ និងលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយផ្អែកលើគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីធានាឱ្យប្រជាពលរដ្ឋរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ៕ ដោយ៖ KPS99TV


