ស្គាល់អត្តសញ្ញាណហើយ តាមពិតបុរសម្នាក់បើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ រួចបោះពាក្យសម្ដីថា «បើងាប់សង២ម៉ឺនដុល្លារ» នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ជាកូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងខ្លួនក៏មានតួនាទីជាមន្ដ្រីរាជការដែរ។
ក្រោយបង្កគ្រោះចរាចរណ៍ហើយបោះពាក្យសម្ដីដូច្នេះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាំគ្នាខឹងសម្បាយ៉ាងខ្លាំងដោយនាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជនបង្កតែម្តង។ បើប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា ជនបង្កស្រវឹងជោគជាំបើករថយន្ដម៉ាក ហ្វតធីង FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជុំវិញករណីនេះ សាច់ញាតិក្មេងប្រុសរងគ្រោះ ស្នើឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ដល់ប្អូនប្រុសរបស់ខ្លួនដែលជាជនរងគ្រោះនិងក្រីក្រកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារជនបង្ករជាអ្នកមានអំណាចនឹងមានខ្សែធំកំពុងអន្តរាគមន៍៕
ដោយ៖ ង៉ែត ពិសាន្ត










