Skip to main content
Preah Sihanouk Provincial Television
Log in

ជាប់ដូចសម្លកំពឹស!! ACU ចាប់មន្រ្តីខ្លួនឯងនិងបក្ខពួក៣នាក់បញ្ជូនទៅតុលាការដោយសារទទួលសំណូក២ម៉ឺនដុល្លារជាថ្នូរបិទសំណុំរឿង

KPS99TVHistorical original · translation unavailable

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញរបាយការណ៍ស្រាវជ្រាវលម្អិតពាក់ព័ន្ធការចាប់ខ្លួនមន្រ្តីប្រឆាំងអំពើពុករលួយ២នាក់និងបក្ខពួកម្នាក់បញ្ជូនទៅតុលាការ។ ក្នុងនោះ ACU រកឃើញថា ពួកគេទទួលសំណូក២ម៉ឺនដុល្លារពីលោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ជាថ្នូរដើម្បីបិទសំណុំរឿងដែលជាប់ពាក់ព័ន្ធករណីជម្រិតទារប្រាក់ពីរថយន្តដឹកទំនិញ និងរត់ការដឹកជញ្ជូនឧបរករណ៍បម្រើឱ្យក្រុមអនឡាញស្កេម (Online Scam) ដោយមានទំហំទឹកប្រាក់ពាក់ព័ន្ធអំពើពុករលួយជាង១លានដុល្លារ។

ក្នុងរបាយការណ៍ ACU បានបញ្ជាក់ថា រកឃើញអ្នកដែលត្រូវមកស្តាប់ចម្លើយមួយចំនួនបានរត់ការខុសៗគ្នាក្នុងនោះក៏មានលោក ម៉ៅ សាន់សូនា មួយរូបដែរ ដែលបានផ្តល់លុយ២ម៉ឺនដុល្លារឱ្យមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយមួយរូបឈ្មោះ ជឹម អូន ដើម្បីបិទសំណុំរឿងរបស់ខ្លួន។ ACU បញ្ជាក់ថា ជឹម អូន ជាមន្រ្តីនៅនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម របស់អង្គភាពប្រឆាំងអំពើពុករលួយផង ហើយក៏ជាមេធាវីមួយរូបផង ក៏បានចាត់ចែងរៀបចំកម្លាំងបក្ខពួករបស់ខ្លួន ដើម្បីរកវិធីបិទសំណុំរឿងដោយរំលោភអំណាច។

ជុំវិញនឹងករណីនេះ ACU បានរកឃើញភស្តុតាងគ្រប់គ្រាន់ដូចជាខ្សែអាតិ៍វីដេអូជំនួបរវាង ជឹម អូន ជាមួយជនសង្ស័យនៅផ្ទះជនសង្ស័យ ហើយនៅហាងកាហ្វេដែល ជឹម អូន បានទារ និងទទួលប្រាក់ ២ម៉ឺនដុល្លារពីជនសង្ស័យដោយមានក្រដាស ១០០ដុល្លារចំនួន២០ខ្ទាស់ក្នុង១ខ្ទាស់មាន១០សន្លឹក។ ក្រោយរកឃើញភស្តុតាងដូច្នេះ ACU បានកសាងសំណុំរឿងបញ្ជូនឈ្មោះ ជឹម អូន និងអ្នកស្រី ភេន រចនា ជាមន្រ្តីប្រឆាំងអំពើពុករលួយ និងឈ្មោះ ជីម សុខជឿន ជំនួយការមេធាវី ជឹម អូន ទៅតុលាការកាលពីថ្ងៃទី១៦ ខែមីនា។ ក្នុងនោះ ឈ្មោះ ជឹម អូន ត្រូវបានជាប់ចោទពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំណែកឯ ឈ្មោះ ភេន រចនា និងជីម សុខជឿន ត្រូវបានជាប់ចោទពីបទផ្សំគំនិតក្នុងអំពើរំលោភអំណាច៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…