សមត្ថកិច្ចខេត្តបាត់ដំបង អះអាងថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស៥នាក់(បូកទាំងកូនក្នុងផ្ទៃ)ស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ពិតប្រាកដមែន។ ការបញ្ជាក់ដូច្នេះ គឺសំអាងទៅលើចម្លើយសារភាពរបស់លោកឪពុក ស៊ីវ ជ័យសិដ្ឋ គឺលោក ស៊ីវ សុជាតិ និងតាមការប្រមូលភស្តុតាងបន្ថែមតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងទិសដៅពីភ្នំពេញមកខេត្តបាត់ដំបង និងប្រភពផ្សេងៗទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៣១ ខែមីនា។
ស្នងការនគរបាលខេត្តបាត់ដំបង បានកោះហៅជនបង្កឱ្យចូលបំភ្លឺនៅថ្ងៃទី០១ ខែមេសានេះ វេលាម៉ោង១០ព្រឹក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ប៉ុន្តែឪពុកជនបង្កបានបញ្ជាក់ថា មកដល់ថ្ងៃនេះ គាត់មិនដឹងថា កូនរបស់គាត់ស្ថិតនៅទីណានោះទេ ចំណែកសមត្ថកិច្ចកំពុងសហការស្វែងរកឈ្មោះ ស៊ីវ ជ័យសិដ្ឋ យកមកទទួលខុសត្រូវតាមផ្លូវច្បាប់ និងស្នើឱ្យឪពុកជនបង្កបន្តសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកកូនរបស់ខ្លួនផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវរកជនបង្កបើករថយន្តបុកមនុស្សស្លាប់៦នាក់រួមទាំងទារកនៅក្នុងផ្ទៃមាតាផងយកមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ។ ចំណែក ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទូចឱ្យលោកឪពុកជនបង្កនាំខ្លួនកូនប្រុសមកដោះស្រាយជាបន្ទាន់។ ខណៈគិតមកដល់ពេលនេះ មានរយៈពេល ៥ថ្ងៃហើយដែលជនបង្កបន្តគេចខ្លួនដោយសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចថា កំពុងបន្តស្វែងកន្លែងលាក់ខ្លួនរបស់ជនបង្ក៕
ដោយ៖ ង៉ែត ពិសាន្ត





