Skip to main content
Preah Sihanouk Provincial Television
Log in

នគរបាលបញ្ជូនស៊ីវ ជ័យសិដ្ឋបើករថយន្តបុកមនុស្សស្លាប់៦នាក់ទៅតុលាការហើយ

KPS99TVHistorical original · translation unavailable

ជនបង្ក ស៊ីវ ជ័យសិដ្ឋ ដែលបើករថយន្តបុកអ្នកជិះម៉ូតូ២គ្រឿងបណ្តាលឱ្យស្លាប់មនុស្ស៦នាក់រួមទាំងកូននៅក្នុងផ្ទៃម្តាយផង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង់បញ្ជូនទៅតុលាការហើយនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ។ បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការបញ្ជូន ស៊ីវ ជ័យសិដ្ឋ ទៅតុលាការអនុវត្តនីតិវិធី ធ្វើឡើងបន្ទាប់ពីនគរបាលបានសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់កាលពីថ្ងៃទី០១ ខែមេសារួចមក។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះរូបភាពជនបង្ក ដៃជាប់ខ្នោះហើយឈរនៅមុខបន្ទប់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត អមនឹងលិខិត១ច្បាប់បញ្ជាក់ថា ទិដ្ឋភាពនេះ ពិតជាបានបង្ហាញឱ្យឃើញថា គ្មានជនប្រព្រឹត្តល្មើសច្បាប់ណាមួយត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ។ ទន្ទឹមនឹងការបង្ហោះនេះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Pha La បញ្ចេញមតិថា «ច្បាប់ស្រុកខ្មែរធ្វើឱ្យរាស្រ្តខ្លាចរអា តែខ្លាចនឹងខ្លាចរឿងអយុត្តិធម៍ព្រោះវាកើតឡើងដដែលៗពេក ធ្វើឱ្យរាស្រ្តលែងទុកចិត្តលើច្បាប់ ព្រោះច្បាប់ពិបាកកាត់ទោសអ្នកមានលុយមានអំណាច មានបុណ្យសក្តិណាស់ ពេលខ្លះគ្រាន់តែជាការសម្តែងហើយចប់»។ ទោះបីជាយ៉ាងណា នីតិវិធីរបស់តុលាការនៅមិនទាន់បញ្ចប់នៅឡើយទេ។ ដូច្នេះមានតែរង់ចាំមើលថា តើនីតិវិធីបន្តរបស់តុលាការដែលត្រូវអនុវត្តលើជនបង្កនឹងទៅជាយ៉ាងណានោះទេ? ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…