Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន សែនប្រាប់ទូតកូរ៉េថាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ

Historical original · translation unavailable

កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ នាវិមានព្រឹទ្ធសភានៃរាជធានីភ្នំពេញ។ 

បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ មក ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចថា កម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយកម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានមោទនភាពដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅកូរ៉េ នៅឆ្នាំ២០២៤ ដែលឱកាសនោះ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ដែលប្រទេសទាំងពីរសម្រេចបាន ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា។ 

ទន្ទឹមគ្នានេះ សម្តេចតេជោ បានឆ្លើយតបដោយលើកឡើងពីវឌ្ឍនភាពទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ និងបានបញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង។ ជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ ទោះជានៅក្នុងអំឡុងពេលមានការរីករាលជំងឺកូវីដ-១៩ ខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរតាមច្រកផ្លូវផ្សេងៗ។ 

ជាមួយនឹងការថ្លែងអំណរគុណ សម្តេចតេជោបានចង្អុលបង្ហាញជាការពិចារណាឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនដែរ។ 

សម្តេចតេជោ បានសម្តែងនូវក្តីរំពឹងទុកថា ដោយឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ក្នុងឱកាសនេះ សម្តេចបានអបអរសាទរចំពោះភាពជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េ និងវិធីសាស្រ្តនៃការគ្រប់គ្រងដោះស្រាយសភាពការណ៍ផ្ទៃក្នុងកូរ៉េ។ សម្តេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…