Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន សែនប្រាប់ប្រធានព្រឹទ្ធសភាបារាំងថាកម្ពុជាទុកចិត្តការគាំទ្រពីបារាំងលើជម្លោះព្រំដែនជាមួយថៃ

Historical original · translation unavailable

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋបារាំងថា កម្ពុជាមានជំនឿទុកចិត្តលើការគាំទ្រពីប្រទេសបារាំង ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលកម្ពុជាកំពុងប្រឈមមុខនឹងការរំលោភបំពានពីប្រទេសមួយនេះ។

ក្នុងសារលិខិតអបអរសាទរជូននាឱកាសទិវាបុណ្យជាតិបារាំង ១៤ កក្កដា សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចអំពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដែលកំពុងមានភាពតានតឹងប្រាប់ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង។

សារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ៖ «នៅខណៈពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន ប្រទេសកម្ពុជាដឹងថាអាចទុកចិត្តលើការគាំទ្រពីប្រទេសបារាំង និងស្ថាប័នរបស់ខ្លួន ចំពោះបណ្ដឹងទៅស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិខ្ពស់បំផុត ក្នុងការការពារសិទ្ធិ និងបូរណភាពទឹកដីរបស់ខ្លួន»។

សូមជម្រាបថា ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ធ្លាប់បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបនៅទីក្រុងនីស កាលពីខែមិថុនា ឆ្នាំ២០២៥ថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់កម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ក្នុងករណីចាំបាច់។

ដោយឡែក កាលពីពេលថ្មីៗនេះ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឆ្លើយតបនឹងសំណើរបស់សម្ដេចតេជោ ហ៊ុន សែនថា បារាំងត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏អះអាងពីគោលជំហររបស់បារាំងចំពោះការគាំទ្រជំហររបស់កម្ពុជា ការដោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…