ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ស្ថិតនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ) នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឲ្យសំណង់ជាប្រវត្តិសាស្ត្រ ដែលជាតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
បើតាមការបញ្ជាក់របស់វិស្វករ ធួន វិថាវិន បានឲ្យដឹងថា រូបសំណាកនាគព័ន្ធថ្មីនេះ សាងសង់ពីស្ពាន់សុទ្ធ មានទំងន់ ៨ តោន និងកម្ពស់ ១០ ម៉ែត្រ (បូករួមទាំងជើងទម្រ ៣ ម៉ែត្រ) ដែលជាគំនិតផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ សូមបញ្ជាក់ថា រូបសំណាកខាងលើ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៩៨% ហើយ គ្រោងនឹងធ្វើពិធីសម្ពោធនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ៕ ដោយ៖ ប៉ៃ សុឃីម



