ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ថា មិត្តភាពដែកថែបមិនមែនមានតែឈ្មោះនោះទេ ពោលឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន មិនមានការប្រែប្រួលឡើយ។
ចំណែក ឯកឧត្តម វ៉ាង យី លើកឡើងថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជានិងចិន។ ឯកឧត្តម បានកត់សម្គាល់នូវពាក្យថា មិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងដោយសារសម្ដេចតេជោដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម បានបញ្ជាក់ថា មិត្តភាពដែកថែបនេះ ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។ ទន្ទឹមនឹងនេះ សម្តេចតេជោ សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖ ង៉ែត ពិសាន្ត















