Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកកាន់ផេកអធិការដ្ឋានក្រុងតាខ្មៅត្រូវរងវិន័យក្រោយបង្ហោះសារបែបលេងសើចរឿងធ្វើសំបុត្រមរណៈភាព

KPS99TVHistorical original · translation unavailable

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រកាសចាត់វិធានការអនុវត្តវិន័យចំពោះកងកម្លាំងដែលកាន់ផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ពាក់ព័ន្ធរឿងធ្វើសំបុត្រមរណៈភាព មិនបាច់ឱ្យសាមីខ្លួនទៅដោយផ្ទាល់ថាជារឿងលេងសើច។ បើតាមស្នងការនគរបាលខេត្តកណ្ដាល ចាត់ទុកខ្លឹមសារបង្ហោះក្នុងផេកផ្លូវការរបស់អធិការដ្ឋានក្រុងតាខ្មៅ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរមរណៈភាពបុគ្គលនៃសព។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានទទួលស្គាល់ថា មន្រ្តីកាន់ផេកនេះបានបង្ហោះខ្លឹមសារខុសក្រមសីលធម៌វិជ្ជាជីវៈ ដោយខ្វះការត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងបានសម្ដែងការសោកស្តាយចំពោះកំហុសកើតឡើងនេះផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមេសា នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបង្ហោះខ្លឹមសារថា ការធ្វើសំបុត្រមរណៈភាពគឺធ្វើនៅសាលាឃុំ/សង្កាត់ សាមីខ្លួនមិនបាច់ទៅដោយផ្ទាល់ទេ អាចឱ្យក្រុមគ្រួសារទៅធ្វើជំនួសបាន។ ក្រោយមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅបំភ្លឺថា ជារឿងលេងសើច។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ការបញ្ចេញសារបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋនិងសាធារណជនជាច្រើនបានបង្ហាញការមិនពេញចិត្ត និងប្រតិកម្មជាខ្លាំង។ ក្នុងនោះ ក៏មានលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ១រូបដែរ ដោយលោកបណ្ឌិត បានពន្យល់ថា ឥរិយាបថការងារបែបនេះហើយ ទើបប្រជាពលរដ្ឋលំបាកវិនិច្ឆ័យការងាររបស់រាជការ មិនដឹងថាគេធ្វើមែនទែន ឬគេធ្វើលេងសើច។ លោកបណ្ឌិតបានបន្ថែមថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជការសាធារណៈអាចប៉ះពាល់ដោយសារតែរបៀបមែនដូចលេង លេងដូចមែនហ្នឹងឯង៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…