Skip to main content
Preah Sihanouk Provincial Television
Log in

ទេសចរបរទេសជាង១លាននាក់បានមកកម្ពុជាខណៈទេសចរចិនឈរលំដាប់ទី១នា៣ខែដើមឆ្នាំនេះ!

KPS99TVHistorical original · translation unavailable

រយៈពេលបីខែដើមឆ្នាំ២០២៦នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ ដែលមានចំនួនជាង២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងដែលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

បើតាមឯកឧត្តម ហួត ហាក់ ផ្អែកតាមស្ថិតិនេះ វិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់នឹងវិបត្តិ ដោយសារស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងផ្នែករដ្ឋ និងផ្នែកឯកជន រួមគ្នាដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែងបានទាន់ពេលវេលា ពិសេសការបន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) និងការដាក់ចេញយុទ្ធនាការរដូវកាលសាមគ្គីភាព ដែលធ្វើឱ្យយើងនៅតែអាចសម្រេចបានតាមផែនការ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «ជាការពិត មិនអាចប្រកែកបានអនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃរំហូរ ភ្ញៀវទេសចរចិន និងវិនិយោគិនចិនបានឡើយ។ កម្ពុជា ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍កាលវិលត្រឡប់មកវិញនូវភ្ញៀវទេសចរចិន និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលនឹងធ្វើដំណើរមកកាន់កម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦។ ការលើកលែងទិដ្ឋាការនេះ រៀបចំឡើងស្របពេលរដូវកាលបៃតងដ៏ស្រស់ស្អាតនៅកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ១លាន២សែននាក់ កើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំកន្លងទៅ។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី២ នៃភ្ញៀវទេសចរបរទេសមកកម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…