Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា បណ្ដេញជនជាតិចិន ១៦៦ នាក់ ពាក់ព័ន្ធឆបោកតាមអនឡាញ បន្តរឹតបន្តឹងវិធានការប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា

KPS99TVHistorical original · translation unavailable

ជនជាតិចិនចំនួន ១៦៦ នាក់ (ស្រី ២ នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅ ធ្វើការខុសច្បាប់ ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅយប់ថ្ងៃទី ៣ ឈានចូលថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រតិបត្តិការនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ដើម្បីអនុវត្តការបណ្ដេញចេញជនជាតិបរទេសដែលពាក់ព័ន្ធនឹងបទល្មើស។

ការបណ្ដេញចេញនេះ បង្ហាញពីការអនុវត្តច្បាប់យ៉ាងតឹងរឹង និងមានប្រសិទ្ធភាព ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាកំពុងកើតមានក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជា ក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីតាមដាន បង្ក្រាប និងនាំមុខជនល្មើសទាំងមូល រួមទាំងមេខ្លោងដែលស្ថិតនៅពីក្រោយ។

រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាសុវត្ថិភាពសង្គម ការពារប្រជាពលរដ្ឋ និងទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងគោលបំណងប្រព្រឹត្តអំពើឧក្រិដ្ឋ ដោយគ្មានការលើកលែង។ ព្រមទាំងផ្តល់អាទិភាពដល់ការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ប្រទេសដើមវិញដោយសុវត្ថិភាព៕ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…