Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា បង្ហាញការសោកស្ដាយចំពោះថៃគម្រោងដកខ្លួនពី MoU 2001 និងប្តេជ្ញាបន្តដោះស្រាយតាមច្បាប់អន្តរជាតិ

KPS99TVHistorical original · translation unavailable

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការសោកស្ដាយចំពោះព័ត៌មានដែលភាគីថៃកំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MoU 2001) ដែលជាគ្រប់គ្រងសំខាន់សម្រាប់ការដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។

ក្នុងកម្មវិធីផ្សាយផ្ទាល់ស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗ» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាតែងតែផ្ដល់អាទិភាពខ្ពស់ដល់យន្តការទ្វេភាគី ដែលបានកំណត់ក្នុង MoU 2001 ហើយចាត់ទុកឯកសារនេះជាគោលការណ៍សំខាន់ក្នុងការរកដំណោះស្រាយដោយសន្តិវិធី។

អនុស្សរណៈ MoU 2001 ដែលមានអាយុកាលជាង ២៥ ឆ្នាំ បានដើរតួនាទីជាគ្រប់គ្រងទ្វេភាគីដ៏សំខាន់ សម្រាប់ការសហការនិងការចរចាររវាងប្រទេសទាំងពីរ ដោយឆ្លុះបញ្ចាំងពីស្មារតីសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមក។ ការដកខ្លួនដោយឯកតោភាគីពី MoU នេះ ត្រូវបានមើលឃើញថាជាការបោះបង់ក្របខណ្ឌតែមួយដែលភាគីទាំងពីរបានពឹងផ្អែកអស់រយៈពេលយូរ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា ក្នុងករណីមានការដកខ្លួនពិតប្រាកដ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងប្រើប្រាស់យន្តការដែលមាននៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងយុត្តិធម៌។

ការប្តេជ្ញារបស់កម្ពុជា បង្ហាញពីចក្ខុវិស័យក្នុងការរកដំណោះស្រាយយូរអង្វែង ដែលផ្អែកលើច្បាប់អន្តរជាតិ និងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមគ្នា៕ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…