Skip to main content
Preah Sihanouk Provincial Television
Log in

គ្រោះថ្នាក់ចរាចរណ៍ថយចុះ១៨% ក្នុងឆ្នាំ២០២៥ ខណៈកម្ពុជាដាក់ចេញទិសដៅរឹតបន្តឹងថ្មីសម្រាប់ឆ្នាំ២០២៦

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា តំណាងអង្គការជាតិ-អន្តរជាតិ និងវិស័យឯកជនជាច្រើនរូប។

យោងតាមរបាយការណ៍ គ.ស.ច.គ ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយបានពិន័យយានយន្តល្មើសសរុបចំនួន ៤៧,៣៨៨ គ្រឿង ក្នុងនោះ ទោចក្រយានយន្ត និងត្រីចក្រយានយន្តមានចំនួន ២៨,៤០១ គ្រឿង ស្មើនឹង ៦០% ខណៈរថយន្តមានចំនួន ១៨,៩៨៧ គ្រឿង ស្មើនឹង ៤០%។

ក្នុងឆ្នាំដូចគ្នា គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ២,៣៤៥ លើក (ក្នុងនោះកើតឡើងពេលយប់ ៥៨%) បណ្តាលឲ្យមានអ្នកស្លាប់ចំនួន ១,៤៦៧ នាក់ និងអ្នករងរបួស ៣,២១៣ នាក់ ក្នុងនោះរបួសធ្ងន់ ១,៨៦៩ នាក់។

បើប្រៀបធៀបនឹងឆ្នាំ២០២៤ ទិន្នន័យបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ៤៩៩ លើក ស្មើនឹង ១៨% ខណៈចំនួនអ្នកស្លាប់ថយចុះ ៤២ នាក់ ស្មើនឹង ៣% និងអ្នករងរបួសថយចុះ ៥០៧ នាក់ ស្មើនឹង ១៤%។ លទ្ធផលវិជ្ជមាននេះត្រូវបានចាត់ទុកថា មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាផលវិបាកនៃកិច្ចសហការយ៉ាងជិតស្និទ្ធ និងភាពសកម្មរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់។

អាជ្ញាធរបានអះអាងថា នឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងលើកកម្ពស់ការយល់ដឹងសាធារណៈ ដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៦ និងបន្តទៅមុខ៕ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…