Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងសាធារណការ បន្តរឹតបន្តឹងការទប់ស្កាត់រថយន្តដឹកលើសទម្ងន់! ឆ្នាំ២០២៥ ពិន័យបានជាង១ពាន់គ្រឿង ថយចុះ៥៩% ធៀបឆ្នាំមុន

KPS99TVHistorical original · translation unavailable

ទីស្តីការក្រសួង៖ រសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការ តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត សមាជិកលេខាធិការដ្ឋាន ក្រុមការងារពិសេស ក្រុមការងារចល័តចម្រុះ ប្រធានស្ថានីយជញ្ជីងអចល័ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនក្នុងឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៦ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ គណៈកម្មាធិការបានត្រួតពិនិត្យរថយន្តដឹកជញ្ជូនសរុបចំនួន ៣,០៩៧,១៣៧គ្រឿង ក្នុងនោះ រថយន្តផ្ទុកមិនលើសទម្ងន់មានចំនួន ២,៣៥៨,៣២៤គ្រឿង រថយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមានចំនួន ៧៣៧,៥២២គ្រឿង និងរថយន្តដែលត្រូវពិន័យមានចំនួន ១,២៩១គ្រឿង។ ចំនួនរថយន្តដែលត្រូវពិន័យនេះ បានថយចុះ៥៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានការពិន័យចំនួន ២,០៥១គ្រឿង។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាន និងបញ្ជាការដ្ឋានរាជធានី-ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារពិសេស និងក្រុមចល័តចម្រុះរបស់ក្រសួង បន្តចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលព្យាយាមគេចវេសពីស្ថានីយជញ្ជីងអចល័ត នៅតាមភូមិសាស្ត្ររាជធានី-ខេត្តទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងក៏នឹងបន្តធ្វើទំនើបកម្មប្រព័ន្ធជញ្ជីងវៃឆ្លាត និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (CCTV) នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ ដើម្បីពង្រឹងការត្រួតពិនិត្យ តាមដាន និងធានាប្រសិទ្ធភាពនៃការអនុវត្តការងារ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តរួបរួមសហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងខិតខំបំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ កុំឱ្យខូចខាតមុនអាយុកាលកំណត់ ព្រមទាំងកាត់បន្ថយការចំណាយថវិការដ្ឋលើការជួសជុល និងថែទាំផងដែរ៕ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…