Skip to main content
Preah Sihanouk Provincial Television
Log in

ករណីចាប់ជំរិតនិងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ!តុលាការសម្រេចឃុំខ្លួនពូថ្លៃជាជនដៃដល់និងប្រពន្ធ

KPS99TVHistorical original · translation unavailable

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោកស្រី ហុង ទិត្យមល្លិកា បានសម្រេចឃុំខ្លួនពូសាច់ថ្លៃដែលជាជនដៃដល់ចាប់ជំរិត និងសម្លាប់ក្មួយស្រីអាយុ៥ឆ្នាំ និងប្រពន្ធជាអ្នកសមគំនិតដាក់ពន្ធនាគារ ក្រោមបទចោទ «សមគំនិតក្នុងអំពើឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស, ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ» តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឱ្យដឹងពីលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែឧសភា។

ការសម្រេចឃុំខ្លួនជនដៃដល់ និងប្រពន្ធជាអ្នកសមគំនិត បានធ្វើឡើងដោយសារពួកគេធ្វើសកម្មភាពចាប់ក្មួយស្រីអាយុ៥ឆ្នាំម្នាក់ជំរិតទារប្រាក់១ម៉ឺនដុល្លារហើយបានសម្លាប់ក្មេងស្រីនោះនៅពេលឪពុកម្តាយរត់ទៅប្តឹងសមត្ថកិច្ចដោយសារមិនមានលុយឱ្យជនដៃដល់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនជាប់ចោទមានឈ្មោះ គឹម វណ្ណា និងប្រពន្ធជាអ្នកសមគំនិតមានឈ្មោះ ធី ណារ៉ុង រស់នៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែក ជនរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ ៣០ឆ្នាំ និងម្ដាយឈ្មោះ ជឿន ស៊ីនួន អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ។  ការឈានដល់ការចាប់ជំរិតនិងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនេះ ដោយសារតែជនដៃដល់ខឹងមិនឱ្យខ្ចីលុយបន្ថែម ខណៈពួកគេ (ជនដៃដល់ និងប្រព័ន្ធ)ធ្លាប់ខ្ចីលុយពីឪពុកម្តាយជនរងគ្រោះពីមុនៗមកបានរហូត៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…