Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកអភិរក្ស៖ ក្រពើភ្នំដែលលែងចូលទន្លេស្រែពក មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ

KPS99TVHistorical original · translation unavailable

លោក ឆេង សំបូរ ប្រធានផ្នែកសាធារណៈ តស៊ូមតិ ចំណេះដឹង និងព័ត៌មាន នៃអង្គការ WWF-Cambodia បានអះអាងថា សត្វក្រពើភ្នំដែលត្រូវបានលែងចូលក្នុងទន្លេស្រែពក នឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ប្រសិនបើមនុស្សមិនចូលរំខាន បំផ្លាញជម្រក ពង ឬកូនរបស់វា។
លោកបានបញ្ជាក់ថា ជម្រករបស់ក្រពើភ្នំស្ថិតនៅជ្រៅក្នុងតំបន់ការពារធម្មជាតិ ហើយតំបន់លែងសត្វនេះស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តខេត្តមណ្ឌលគិរី ដែលជាតំបន់ស្នូលហាមឃាត់ មិនអនុញ្ញាតឱ្យពលរដ្ឋចេញចូលដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ច។ តំបន់នេះក៏ស្ថិតឆ្ងាយពីទីប្រជុំជនផងដែរ។
ថ្លែងក្រោយពិធីលែងកូនក្រពើភ្នំចំនួន១០ក្បាលចូលក្នុងទន្លេស្រែពក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ឆេង សំបូរ បានពន្យល់ថា មិនទាន់មានរបាយការណ៍ណាបង្ហាញថា ក្រពើភ្នំបានវាយប្រហារមនុស្សនោះទេ។ លោកបន្ថែមថា ប្រសិនបើមនុស្សមិនចូលរំខាន ឬយកពង និងកូនរបស់វា ក្រពើភ្នំនឹងមិនបង្កហានិភ័យដល់មនុស្សឡើយ។
លោកក៏បានលើកឡើងថា ក្រពើភ្នំមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ព្រោះវាជាសត្វស៊ីត្រី និងជួយថែរក្សាតុល្យភាពជីវៈចម្រុះនៅក្នុងធម្មជាតិ។
កម្មវិធីលែងក្រពើភ្នំនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការស្តារប្រភេទសត្វជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅតំបន់ខ្ពង់រាបភាគខាងកើត។
មុនពេលលែង កូនក្រពើទាំងនេះត្រូវបានបំពាក់បន្ទះឈីបបញ្ជូនសញ្ញារលកសំឡេង ដើម្បីតាមដានចលនា ទីតាំងរស់នៅ និងស្ថានភាពរស់រានមានជីវិតរបស់វា។ ក្រពើទាំងនេះជាពូជសុទ្ធ ដែលផ្តល់ដោយអង្គការ Fauna & Flora International និងត្រូវបានបង្កាត់ពូជនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ។ ការតាមដាននេះ នឹងជួយអ្នកជំនាញសិក្សាពីការផ្លាស់ទី ការលូតលាស់ និងការរស់នៅរបស់ពួកវា ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការលែងសត្វទៅធម្មជាតិ។
ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការលែងក្រពើភ្នំទៅក្នុងធម្មជាតិ គឺដើម្បីបង្កើនចំនួនសត្វដ៏កម្រនេះនៅកម្ពុជា និងរួមចំណែកការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី។
លោកបានបន្ថែមថា ទន្លេស្រែពកត្រូវបានជ្រើសរើសជាទីតាំងលែង ដោយសារតែជាជម្រកធម្មជាតិដ៏សមស្របសម្រាប់ការរស់នៅ និងបន្តពូជរបស់ក្រពើភ្នំ។
បច្ចុប្បន្ន កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលមានសត្វក្រពើភ្នំរស់នៅក្នុងធម្មជាតិច្រើនជាងគេបំផុត ដោយមានប្រមាណ៤០០ក្បាល ខណៈចំនួនសរុបនៅទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា នៅសល់ប្រមាណ១,០០០ក្បាលប៉ុណ្ណោះ។ សត្វប្រភេទនេះភាគច្រើនរស់នៅតំបន់ដាច់ស្រយាលក្នុងជួរភ្នំក្រវាញ និងភូមិភាគឦសាននៃប្រទេសកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…