Skip to main content
Preah Sihanouk Provincial Television
Log in

ស្រុកព្រៃនប់ ក្លាយជាគោលដៅវិនិយោគសំខាន់ មានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រស្រូបយកកម្មកររាប់ម៉ឺននាក់

KPS99TVHistorical original · translation unavailable

លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរងស្រុកព្រៃនប់ បានឱ្យដឹងថា ស្រុកព្រៃនប់ គឺជាស្រុកមួយដែលមានរោងចក្រ សហគ្រាស និងគម្រោងវិនិយោគច្រើនជាងគេ ក្នុងចំណោមក្រុង-ស្រុកទាំង៦ នៃខេត្តព្រះសីហនុ ដោយបានស្រូបយកកម្លាំងពលកម្មរាប់ម៉ឺននាក់ និងរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
លោកស្រីបញ្ជាក់ថា ស្រុកព្រៃនប់ មានចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រ ពីទីរួមខេត្ត និងមានទីតាំងភូមិសាស្ត្រអំណោយផល ដោយលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៤ ប្រវែង ៣៥ គីឡូម៉ែត្រ ផ្លូវជាតិលេខ៣ ប្រវែង ២១.៥ គីឡូម៉ែត្រ ផ្លូវរថភ្លើងប្រវែង ៣៦ គីឡូម៉ែត្រ ផ្លូវល្បឿនលឿនប្រវែង ១១.៥ គីឡូម៉ែត្រ និងវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ប្រវែង ១៤.៦ គីឡូម៉ែត្រ។
ស្រុកព្រៃនប់ មានផ្ទៃដីសរុប ៧៥៩.៧១ គីឡូម៉ែត្រការ៉េ ចែកចេញជា ១០ ឃុំ និង ៤២ ភូមិ មានប្រជាពលរដ្ឋសរុប ៦៩,១៣៤ នាក់ ស្មើនឹង ១៥,៣១៤ គ្រួសារ។ ក្នុងនោះ មានប្រជាជនខ្មែរឥស្លាម ១,៥៨៩ គ្រួសារ សរុប ៥,៨០៨ នាក់ និងជនជាតិដើមភាគតិចស្ទូច ៤១ គ្រួសារ សរុប ១៣៤ នាក់។
បច្ចុប្បន្ន ស្រុកព្រៃនប់ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ កំពុងដំណើរការ រួមមាន តំបន់សេដ្ឋកិច្ចពិសេសចេជាំង ស្ថិតនៅឃុំជើងគោ និងតំបន់សេដ្ឋកិច្ចពិសេសហ្គ្រេនបូកគោ ស្ថិតនៅឃុំទឹកថ្លា។ ក្រៅពីនេះ ក៏មានរោងចក្រ សហគ្រាស និងកសិដ្ឋានតូចធំជាច្រើនទៀត កំពុងដំណើរការនៅតាមបណ្តាឃុំផ្សេងៗ ដែលសរុបមានប្រមាណ ១០ រោងចក្រ និងបានផ្តល់ការងារដល់កម្មករសរុបប្រមាណ ១៥,៩៧៧ នាក់។
លោកស្រី វាល់ ច័ន្ទវលក្ខណ៍ បានឱ្យដឹងបន្ថែមថា ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅក្នុងឃុំសំរ៉ុង តាមបណ្តោយវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ប៉ុន្តែមិនទាន់ដំណើរការនៅឡើយ។
ក្រៅពីវិស័យឧស្សាហកម្ម ស្រុកព្រៃនប់ ក៏ជាទីតាំងវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលបានវិនិយោគដាំដុះដូងប្រេងនៅភូមិតាពៅ ឃុំតានៃ តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន មានរយៈពេលប្រមាណ ២៩ ឆ្នាំ ហើយបានស្រូបយកកម្លាំងពលកម្មរាប់ពាន់នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ផ្ទាល់។
លោកស្រីអភិបាលរងស្រុក បានសង្កត់ធ្ងន់ថា ការរីកចម្រើននៃរោងចក្រ សហគ្រាស និងគម្រោងវិនិយោគនានា ក្នុងស្រុកព្រៃនប់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និងជួយបង្កើនប្រាក់ចំណូល ព្រមទាំងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…