Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការឃាត់រថយន្តធំៗចំនួន៥គ្រឿងដឹកលើសទម្ងន់កំណត់ នៅស្រុកឆ្លួង ខេត្តក្រចេះ

KPS99TVHistorical original · translation unavailable

ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្តដឹកទំនិញធុនធំចំនួន ៥គ្រឿង ពាក់ព័ន្ធការដឹកលើសទម្ងន់កំណត់ នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក សេង ឈួន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបានធ្វើការថ្លឹងរថយន្តសរុបចំនួន ៥គ្រឿង ក្នុងនោះរកឃើញរថយន្តចំនួន ៤គ្រឿង ដឹកលើសទម្ងន់កំណត់ និងត្រូវបានផាកពិន័យតាមនីតិវិធីច្បាប់។

តាមប្រភពព័ត៌មាន រថយន្តទាំងនេះបានដឹកជន្លង់ម្រេចធ្វើដំណើរពីខេត្តស្ទឹងត្រែង ឆ្ពោះមកចំណុចកែងសណ្ដាន់ ហើយបានព្យាយាមបើកគេចពីស្ថានីយជញ្ជីងអចល័តកាំពី តាមផ្លូវមាត់ទន្លេ ក្នុងភូមិសាស្ត្រស្រុកសំបូរ និងក្រុងក្រចេះ។ ភ្លាមៗនោះ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានដេញតាមឃាត់រថយន្តទាំងនោះបានទាន់ពេល។

ក្រៅពីរថយន្ត ៤គ្រឿង ដែលរកឃើញដឹកលើសទម្ងន់ ក៏មានរថយន្តមួយគ្រឿងទៀត ព្យាយាមបើករត់គេច ប៉ុន្តែត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរបស់ខេត្តក្រចេះ ឃាត់បាន និងនាំយកមកត្រួតពិនិត្យវិញ។

ជាមួយគ្នានេះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបញ្ជាក់ថា ចំពោះរថយន្តមួយគ្រឿងដែលព្យាយាមបើករត់គេច ក្រុមការងារនឹងបន្តនីតិវិធី រាយការណ៍ជូនក្រុមការងារជញ្ជីងចល័ត ដើម្បីធ្វើការថ្លឹង និងត្រួតពិនិត្យបន្ថែម ហើយប្រសិនបើរកឃើញថាដឹកលើសទម្ងន់ នឹងត្រូវផាកពិន័យតាមច្បាប់ជាធរមាន៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…