លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលផ្លែទុរេនរបស់ប្រជាកសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំស្លាកសញ្ញាសម្គាល់អត្តសញ្ញាណផលិតផលទុរេនប៉ៃលិន បញ្ជាក់ពីប្រភពដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ខណៈទីផ្សារទុរេនឆ្នាំនេះមានស្ថានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ។
ក្នុងឱកាសនោះ លោកជំទាវ បានណែនាំដល់ម្ចាស់ចំការទុរេនឱ្យពិចារណាប្រែក្លាយចំការរបស់ខ្លួនទៅជាតំបន់ កសិទេសចរណ៍ (Agrotourism) ដើម្បីបង្កើនប្រភពចំណូលបន្ថែមក្រៅពីរដូវប្រមូលផល។ លោកជំទាវបានលើកឡើងថា ក្រៅពីការលក់ផ្លែទុរេន ម្ចាស់ចំការអាចបង្កើតសកម្មភាពទាក់ទាញភ្ញៀវទេសចរ ដូចជា ការដើរទស្សនាចំការ ការភ្លក់ទុរេនស្រស់ ការកម្សាន្តតាមបែបធម្មជាតិ និងការស្នាក់នៅបែបអេកូទេសចរណ៍ជាដើម។
លោកជំទាវ បាន ស្រីមុំ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញចុះបណ្តុះបណ្តាលដល់សហគមន៍ និងកសិករដោយផ្ទាល់ ដើម្បីលើកកម្ពស់បច្ចេកទេសដាំដុះ ឱ្យទទួលបានទិន្នផលខ្ពស់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងធានាសុវត្ថិភាពសម្រាប់អ្នកផលិត និងអ្នកប្រើប្រាស់។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏កំពុងជំរុញការបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណផលិតផលទុរេនប៉ៃលិន ដើម្បីបញ្ជាក់ប្រភពដើម និងបង្កើនទំនុកចិត្តទីផ្សារ ស្របតាមតម្រូវការក្នុងស្រុក និងអន្តរជាតិ។
ដើម្បីលើកទឹកចិត្តប្រជាកសិករ លោកជំទាវ បាន ស្រីមុំ ក៏បានជួយទិញទុរេនពីកសិករដោយផ្ទាល់ និងអំពាវនាវឱ្យបន្តពង្រីកការដាំដុះបន្លែ និងផ្លែឈើសរីរាង្គឱ្យកាន់តែច្រើន ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ លោកជំទាវក៏បានអះអាងថា ក្នុងករណីប្រឈមបញ្ហាទីផ្សារ អាជ្ញាធរខេត្តនឹងសហការជួយស្វែងរកទីផ្សារជូនប្រជាពលរដ្ឋផងដែរ៕ ដោយ៖ ប៉ៃ សុឃីម






